
ឌូបៃ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា កាលពីថ្ងៃសៅរ៍ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាដើម្បីចាប់ផ្តើមបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏មានសក្តានុពលមួយ បន្ទាប់ពីកិច្ចពិភាក្សាដែលមន្ត្រីអាមេរិកបានពណ៌នាថាផ្តល់លទ្ធផល "វឌ្ឍនភាពល្អណាស់" ។
ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ 2015 រវាងទីក្រុង Tehran និងមហាអំណាចពិភពលោកក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ក្នុងឆ្នាំ 2018 បានគម្រាមវាយប្រហារប្រទេសអ៊ីរ៉ង់ លុះត្រាតែប្រទេសនេះសម្រេចបានកិច្ចព្រមព្រៀងថ្មីមួយយ៉ាងឆាប់រហ័ស ដែលនឹងរារាំងពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
ថ្លែងតាមទូរទស្សន៍រដ្ឋបន្ទាប់ពីកិច្ចពិភាក្សានោះ លោក Araqchi បានពណ៌នាការចូលរួមនេះថាមានប្រយោជន៍ និងប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា។ លោកបានបន្តថា "វាត្រូវបានព្រមព្រៀងគ្នាថាការចរចានឹងបន្ត ហើយឈានទៅដំណាក់កាលបន្ទាប់ ដែលកិច្ចប្រជុំកម្រិតអ្នកជំនាញនឹងចាប់ផ្តើមនៅថ្ងៃពុធក្នុងប្រទេសអូម៉ង់។
អ្នកជំនាញនឹងមានឱកាសចាប់ផ្តើមបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយ" ។
លោកបានបន្ថែមថា អ្នកចរចាកំពូលនឹងជួបប្រជុំគ្នាម្តងទៀតក្នុងប្រទេសអូម៉ង់នៅថ្ងៃសៅរ៍សប្តាហ៍ក្រោយដើម្បី"ពិនិត្យមើលការងាររបស់អ្នកជំនាញនិងវាយតម្លៃថាតើវាស្របទៅនឹងគោលការណ៍នៃកិច្ចព្រមព្រៀងដែលមានសក្តានុពលមួយឬយ៉ាងណា" ។
ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអាមេរិកនេះ អ៊ីរ៉ង់បាននិយាយថា ខ្លួនមានឆន្ទៈក្នុងការពិភាក្សាអំពីការទប់ស្កាត់ មានកម្រិតចំពោះការងារបរមាណូរបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មអន្តរជាតិ។
រីឯលោក Trump វិញបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា "លោកគ្រាន់តែបញ្ឈប់អ៊ីរ៉ង់ពីការមានអាវុធនុយក្លេអ៊ែរ។
ពួកគេមិនអាចមានអាវុធនុយក្លេអ៊ែរបានទេ។ លោកចង់ឱ្យអ៊ីរ៉ង់មានភាពអស្ចារ្យ និងវិបុលភាព និងអស្ចារ្យ"។
គួរបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីឆ្នាំ 2019 មក អ៊ីរ៉ង់បានបំពាន និងលើសពីដែនកំណត់នៃកិច្ចព្រមព្រៀងឆ្នាំ 2015 លើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន ដោយផលិតស្តុកលើសពីអ្វីដែលលោកខាងលិចនិយាយថា ចាំបាច់សម្រាប់កម្មវិធីថាមពលស៊ីវិល។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ដែលបានពណ៌នាអំពីជំហរចរចារបស់អ៊ីរ៉ង់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីថ្ងៃសុក្រ បានរាយបន្ទាត់ក្រហមរបស់ខ្លួនថា មិនដែលយល់ព្រមរុះរើមជ្ឈមណ្ឌលចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមទាំងស្រុង ឬកាត់បន្ថយឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់បាននៅក្រោមកម្រិតដែលបានព្រមព្រៀងគ្នាក្នុងកិច្ចព្រមព្រៀងឆ្នាំ 2015 នោះទេ។
