2025-04-21 15:04
26

កំពត៖ ជាការឆ្លើយតមទៅនឹងក្រុមប្រឆាំងក្រៅស្រុកមួយក្តាប់តូច និងអ្នកវិភាគអស់សក់ រហូតក្លាយជាអ្នកនាំពាក្យក្រុមមួយនោះ ដែលតែងរិះគន់ និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាថា៖ «រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ជ្រើសរើសយកចិន គឺស្ពៃ មិនគួរចោលអាមេរិកជាសាច់គោ»។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ទៅវិញថា៖ «រាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើសយកទាំងអស់ មិនថាស្ពៃ ត្រី សាច់ជ្រូក.. និងសាច់គោ អត់ចោលមួយណាឡើយ»។

សម្តេចធិប នាយករដ្ឋមន្ត្រី បានលើកឡើថា៖ «ខណៈពេលអាមេរិក និងចិន កំពុងមានជម្រោះពាណិជ្ជកម្មរឿងការដំឡើងពន្ធគយ ហើយប្រធានាធិបតីចិន បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ហើយក្រុមប្រឆាំងក្រៅស្រុកគេថា ប្រទេសកម្ពុជា អញ្ចឹងអាមេរិកឱ្យស្ពៃ។ គេថាយកអាមេរិកយកសាច់គោ យកចិនគឺយកស្ពៃ [….] សម្តេចបានបញ្ជាក់ថា មិនថាស្ពៃ ឬសាច់គោ កម្ពុជារើសយកទាំងពីរ គឺគិតគូរពីសេដ្ឋកិច្ច និងជីវភាពរស់របស់កម្ពុជា ព្រមទាំងប្រជាពលរដ្ឋ»។

សម្តេចធិបតីបានបញ្ជាក់ថា៖ «កម្ពុជាមានអធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី មានការសម្រេចផ្ទាល់ខ្លួន គ្មានការគៀបសង្កត់ពីប្រទេសណាមួយនោះទេ គឺអព្យាក្រឹត្យ មិនចូលបក្ខសម្ព័ន្ធ ព្រមទាំងមានតួនាទីកាន់តែសកម្ម និងសំខាន់របស់កម្ពុជា ក្នុងកិច្ចការតំបន់ និងអន្តរជាតិ»។

នាឱកានោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាក់ផងដែរថា៖ «បើកម្ពុជារវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋានរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេសនោះ គឺមិនអាចដើរទៅដល់គោលដៅទេ ប៉ុន្ដែយើងត្រូវខិតខំបន្តធ្វើ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិបន្តទៅមុខទៀត»។

សូមជម្រាបថា ព្រឹកថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ នេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលមានតម្លៃប្រមាណជាង ១០លានដុល្លារអាមេរិក។ កំពង់ផែនេះ រួមចំណែតភ្ជាប់ប្រព័ន្ធផ្លូវទឹករវាងខេត្តទាំង ៤ជាប់សមុទ្រ ក៏ដូចជាតភ្ជាប់ជាមួយបណ្ដាកំពង់ផែទេសចរណ៍នៃប្រទេសជិតខាង និងក្នុងតំបន់។ រាជរដ្ឋាភិបាលបន្តខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូនឱ្យមានភាពប្រទាក់ក្រឡាទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស គាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចាប់យកកាលានុវត្តភាពថ្មីៗដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលម្ពុជា៕