2025-04-21 15:07
28

(កំពត)នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត។

កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា ជាអំណោយរបស់អ្នកឧកញ៉ា វិញ ហួរ ជូនរាជរដ្ឋាភិបាលកម្ពុជា។

ហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែនេះ រួមមាន ផ្លូវបេតុងចូលកំពង់ផែប្រវែង ២,៤០គីឡូម៉ែត្រ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាតសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាជន និងកំពង់ផែ ប្រព័ន្ធចម្រោះទឹកកខ្វក់ របង ប៉ុស្តិ៍យាម ចំណតរថយន្ត សួនច្បារ ស្រះទឹក អគារប្រមូលទុកដាក់សំរាម អគារបន្ទប់ទឹកសាធារណៈ អគារបច្ចេកទេស អគាររដ្ឋបាលនិងអ្នកដំណើរ ចំណតនាវា ប្រព័ន្ធគ្រប់គ្រងអគ្គិភ័យ និងការបំពាក់ឧបករណ៍បច្ចេកទេសចាំបាច់ផ្សេងៗទៀតសម្រាប់ប្រតិបត្តិការកំពង់ផែ។

តាមការគ្រោងទុករបស់គម្រោងសាងសង់កំពង់ផែទេសចរណ៍នេះ តម្រាយផ្លូវនាវាចរណ៍ ត្រូវមានជម្រៅទឹក ៣ម៉ែត្រ ដោយរាប់ចាប់ពីទីតាំងបត់នាវារហូតដល់ផ្ទៃសមុទ្រ ដែលមានប្រវែង ៦,៧៥គីឡូម៉ែត្រ និងទទឹងទំហំ ៦២ម៉ែត្រ ចែកជា ២គន្លងទៅមក។

កំពង់ផែនេះ មានលក្ខណៈអំណោយផលល្អពីធម្មជាតិដែលអាចអនុញ្ញាតឱ្យនាវាផ្ទុកអ្នកដំណើរ ឬភ្ញៀវទេសចររហូតដល់ ៣០០នាក់ ចូល-ចេញកំពង់ផែនេះជាលក្ខណៈអន្តរជាតិបាន។

ការបើកឱ្យកំពង់ផែនេះប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃការតភ្ជាប់វិស័យទេសចរណ៍កម្ពុជាតាមផ្លូវសមុទ្រ ជាមួយប្រទេសជិតខាង ក្នុងតំបន់ និងជាលក្ខណៈអន្តរជាតិ។

ជាងនេះទៅទៀត កំពង់ផែនេះ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ការតភ្ជាប់ទាំងអស់នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម តាមរយៈការផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគ្រាស អាជីវកម្មក្នុងស្រុក ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ហាងលក់វត្ថុអនុស្សាវរីយ៍ និងក្រុមហ៊ុនទេសចរណ៍ជាដើម ព្រមទាំងជំរុញឱ្យមានការបង្កើតនូវទីតាំងកម្សាន្តថ្មីៗនៅក្នុងភូមិសាស្រ្តខេត្តកំពតនិយាយដោយឡែក និងបណ្តាខេត្តផ្សេងទៀតនិយាយជារួម ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។(សឹង រ៉ាត់)