
ភ្នំពេញ៖ បច្ចុប្បន្នរោងចក្រសហគ្រាសដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា មានចំនួនសរុបជាង ៤៥ ០០០ សហគ្រាស ក្នុងនោះចំនួនកម្មករនិយោជិតកើនឡើងដល់ជាង ១,៨៥ លាននាក់។ នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នេះ។
ថ្លែងលើវេទិកាទៅកាន់ក្រុមអង្គការសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ប្រមាណជិត ៦ពាន់នាក់ នាឱកាសជួបសំណេះសំណាល ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា៖ «កូនរបស់យើងតែពីរ ឬបីនាក់ពិបាកក្នុងការគ្រប់គ្រង ចុះទំរាំរោងចក្រសហគ្រាសរហូតជាង ៤៥ ០០០ ការគ្រប់គ្រងកាន់តែលំបាកហើយ។ អញ្ចឹងមានតែការជំរុញនូវគោលការណ៍ កម្មវិធី ជំរុញនូវសុខដុមនីយកម្មនៃការងារ ជាគ្រួសារល្អ គ្រួសាររីករាយ ស្របតាមពាក្យស្លោក “សហគមន៍សុខសាន្ត”»។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «យើងត្រូវអនុវត្តច្បាប់ និងសិទ្ធសេរីភាពឱ្យបានត្រឹមត្រូវ ដើម្បីមានភាពសុខសាន្ត ដើម្បីឱ្យការវិនិយោគនៅកម្ពុជាកាន់តែទាក់ទាញថែមទៀត។ អ្នកវិនិយោគគេមិនមកដាក់ទន់រកស៊ីនៅស្រុកខ្មែរទេ ប្រសិនបើថ្ងៃបើកឃើញតែបាតុកម្មពាសពេញផ្ទៃប្រទេស គឺមិនមកដាច់ខាត។ ប៉ុន្តែបើបើកមកឃើញសុខដុមនីយកម្ម គេមករកស៊ីគ្មានជួបបញ្ហាស្មុកស្មាញ ពេលមានបញ្ហាដោះស្រាយបានលឿនឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព»៕