2025-05-22 10:54
64

ភ្នំពេញ៖ នាឱកាសដ៏ប្រពៃថ្លៃថ្លា នៃពិធីបើកបវេសនកាលរដ្ឋសភា ដែលប្រារព្ធឡើងក្នុងសម័យប្រជុំ រដ្ឋសភាលើកទី៤ នីតិកាលទី៧ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នេះ ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យព្រមទាំងបានកោតសរសើរ រដ្ឋសភាជាតិនីតិកាលទី៧ ដែលបានបំពេញការងារស្នូលរបស់ខ្លួនយ៉ាងសកម្ម និងប្រកបដោយថាមពលខ្លាំងក្លា ហើយសម្រេចបាន នូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ រួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។

ព្រះមហាក្សត្របានព្រះអង្ការថា៖ «កន្លងមកនេះ ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការនានានៃរដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានចុះបំពេញការងារយ៉ាងសកម្មនៅតាមមណ្ឌល រាជធានី-ខេត្ត នៅទូទាំងប្រទេស ដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្តែងមានជាអាទិ៍អំពីវឌ្ឍនភាព តម្រូវការបញ្ហាប្រឈម និងក្តីកង្វល់នានារបស់ប្រជារាស្ត្រ និងបានជួយអន្តរាគមន៍ ដោះស្រាយបញ្ហាប្រឈម និងសំណូមពរជូនដល់ប្រជារាស្ត្រ បានយ៉ាងច្រើនគួរកោតសរសើរ»។ 

បន្ថែមពីនេះ ព្រះករុណាព្រះមហាក្សត្រមានព្រះរាជអង្ការទៀតថា៖ «គណៈកម្មការនានារបស់រដ្ឋសភាក៏បានប្រជុំ ពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់សំខាន់ៗនានា ដែលស្នើឡើងដោយរាជរដ្ឋាភិបាលនឹងត្រូវអនុម័តក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា ក្នុងពេលខាងមុខ ផ្តល់នូវក្របខ័ណ្ឌច្បាប់ជាមូលដ្ឋាន សំដៅបម្រើជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជារាស្ត្រជាទីស្នេហានៃយើង»។ 

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី កោតសរសើរចំពោះរដ្ឋសភាបានបំពេញការងារការទូតសភាយ៉ាងសកម្ម និងផុលផុស ដោយបានទទួលជួបពិភាក្សា ការងារទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់នៃសភា និងរដ្ឋាភិបាលនៃប្រទេសជាមិត្ត ព្រមទាំងជាមួយអង្គទូតប្រចាំកម្ពុជា អង្គការជាតិ និងអន្តរជាតិនានា និងបានចូលរួមកិច្ចប្រជុំ អន្តរសភាថ្នាក់តំបន់ និងអន្តរជាតិ ដោយបានលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាបង្ហាញពីតួនាទីដ៏សំខាន់របស់សភាកម្ពុជាក្នុងការរួមចំណែក ដ៏មានតម្លៃដល់ការថែរក្សា សន្តិភាព ការអភិវឌ្ឍ និងវិបុលភាព ក្នុងតំបន់ និងសកលលោក។ អាស្រ័យដោយមូលដ្ឋានច្បាប់ដែលស្ថាប័ននីតិប្បញ្ញត្តិបានកសាងឡើង រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តធានាថែរក្សា ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធានាដល់ការរស់នៅរបស់ប្រជារាស្ត្រប្រកបដោយភាពសុខដុមរមនា។ 

ព្រះមហាក្សត្រ សូមចូលរួមអបអរសាទរចំពោះស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការជំរុញការអនុវត្តច្បាប់ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ អភិវឌ្ឍជាតិ ក្នុងស្មារតីកសាង និងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនប្រសើរឡើងជាលំដាប់ ជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន ដោយបន្តជំរុញការធ្វើសមាហរណកម្ម និងពិពិធកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងសកល ជាពិសេសលើ វិស័យកសិ-ឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ បច្ចេកវិទ្យា នវានុវត្តន៍ និងអភិវឌ្ឍន៍ជនបទ៕