
ព្រះសីហនុ៖ លោក ស៊ី ឃុនលីង អភិបាលខេត្តជាំងស៊ូ នៃសាធារណប្រជាមានិតចិន នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នេះ បានថ្លែងថា៖ ដំណើរទស្សនកិច្ចផ្លូវការរបស់លោកប្រធានាធិបតី ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជា នាពេលកន្លងទៅថ្មីៗនេះ ទទួលបានផ្កែផ្លាយ៉ាងល្អប្រសើរទំនាក់ទំនងរវាងប្រទេសកម្ពុជា-ចិន ទាំងនយោបាយ សេដ្ឋកិច្ច និងការវិនិយោគជាដើម។
អភិបាលខេត្តជាំងស៊ូ បានថ្លែងថា តាមរយៈចំណងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០២៤ ខេត្តជាំងស៊ូនៃប្រទេសចិន ជាមួយកម្ពុជា មានទំហំនាំចេញនាំចូល ជាង ២ ៩០០ លានដុល្លារសហរដ្ឋអាមេរិក ស្មើរនឹង ២០% នៃទំហំពាណិជ្ជកម្មកម្ពុជា-ចិន។ ក្នុងនោះខេត្តជាំងស៊ូ នាំចូលមកកម្ពុជាទំហំ ២ ៧៤០ លានដុល្លារ។ ចំណែកកម្ពុជា នាំទៅខេត្តជាំងស៊ូវិញ មានទំហំ ១៩០ លានដុល្លារ។
លោក ស៊ី ឃុនលី អភិបាលខេត្តជាំងស៊ូ បានគូសបញ្ជាក់បែបនេះ នៅក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន ចំនួន ២០០ និងសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

