2025-05-22 16:20
9

ភ្នំពេញ៖ លោក ស៊ឺ ម៉ូរ៉ាណាល់ អគ្គនាយករង នៃក្រសួងពាណិជ្ជកម្ម ត្រូវបានប្រមុខរដ្ឋាភិបាលសម្រេចបញ្ចប់មុខតំណែង និងលប់ឈ្មោះចេញពីក្របខ័ណ្ឌ ដោយសារសាម៉ីខ្លួនអវត្តមានពីកន្លែងការងារគ្មានមូលហេតុ។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ ២១៦ អនក្រ.តត ស្តីពី ការបញ្ចប់មុខតំណែង និងលប់ឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ដែលបណ្តាញសារព័ត៌មាន អឹម អេស ជេ ទទួលបាននាល្ងាចថ្ងៃទី២២ ខែឧសភានេះ។

អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា៖ «ត្រូវបានបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការ លោក ស៊ឺ ម៉ូរ៉ាណាល់ អគ្គនាយករង នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៅក្រសួងពាណិជ្ជកម្ម ដោយសារសាមីខ្លួនអវត្តមានគ្មានមូលហេតុ»។ 

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕