2025-05-22 19:28
8

ភ្នំពេញ៖ រូបភាពមួយសន្លឹកដែលជាការថតជុំគ្នាក្នុងកិច្ចប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី១ ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិករដ្ឋសភានាពេលបច្ចុប្បន្ន យកមកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី២២ ខែឧសភា បានធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹកស្រណោះដល់ការសាមគ្គី ដើម្បីជាតិ និងប្រជាជនកម្ពុជា ដែលប្រទេសស្ថិតក្នុងសន្តិភាពផង និងសង្គ្រាមផង។

រូបភាពមួយសន្លឹកនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន ចូលទៅចែករំលែកបន្ត ព្រមទាំងសរសេរសារស្តែងពីអារម្មណ៍របស់សម្តេចផ្ទាល់ផងដែរ។

សម្តេចតេជោ បានគូសរំលេចថា៖ «ឃើញរូបថតនេះ ពិតជាធ្វើឱ្យនឹកស្រណោះគ្រាដែលលំបាកក្នុងកាលៈទេសៈប្រទេសមានសន្តិភាពផងមានសង្គ្រាមផង។ ពួកយើងសាមគ្គីគ្នាបានល្អណាស់ សម្តេច ហេង សំរិន ជាប្រធានក្រុមប្រឹក្សារដ្ឋ (ប្រមុខរដ្ឋ) សម្តេច ជា ស៊ីម ជាប្រធានរដ្ឋសភា ឯខ្លួនខ្ញុំ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) រួមជាមួយសមាជិកសភា សមាជិករដ្ឋាភិបាលកងកម្លាំងប្រដាប់អាវុធ មន្ត្រីរដ្ឋការនាពេលនោះប្រឹងងើបឈរឡើងទើបមានថ្ងៃនេះ»។

សម្តេចតេជោ បានលើកឡើងដែរថា «ទោះឥស្សរជនក្នុងរូបមួយសន្លឹកនេះ បានទទួលមរណភាពទៅហើយក្តី តែពួកសម្តេចនៅតែនឹកអាល័យដល់ពួកគាត់ជានិច្ច»៕