2025-06-06 16:46
29

បាងកក៖ រដ្ឋាភិបាល និងយោធាថៃកំពុងតម្រង់ទិសដៅឆ្ពោះទៅរកការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ដោយផ្តោតលើការបន្ធូរបន្ថយភាពតានតឹង និងការចរចាតាមការទូត។ នេះជាការថ្លែងរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បន្ទាប់ពីមានជំនួបរយៈពេលពីរម៉ោងជាមួយភ្នាក់ងារសន្តិសុខថៃ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ នេះ។

នាយករដ្ឋមន្រី្តថៃរូបនេះបានបន្តថា "ចំពោះកិច្ចពិភាក្សាជាមួយភ្នាក់ងារសន្តិសុខថៃនេះបានបញ្ជាក់យ៉ាងច្បាស់ពីខ្សែសង្វាក់នៃការបញ្ជា និងការទទួលខុសត្រូវ ដោយភាគីទាំងអស់បានយល់ដឹងយ៉ាងច្បាស់ពីតួនាទីនៃការឯកភាពគ្នានៃប្រតិបត្តិការនាពេលនេះ គឺជាអាទិភាព។ ដោយយោធាត្រូវបានប្រគល់សិទ្ធិឱ្យធ្វើការសម្រេចចិត្តភ្លាមៗ ប្រសិនបើមានការចាំបាច់។" លោកស្រីបន្ថែមថា ខណៈពេលនេះដែរជុំវិញនៃព័ត៌មានលម្អិតនៃការចរចាខាងលើនៅរក្សាជាការសម្ងាត់នៅឡើយ ចំពោះការយោគយល់គ្នារវាងភាគីទាំងពីរនៅតែមានការយោគយល់គ្នាទៅវិញទៅមក ហើយស្ថានភាពផ្សេងៗនៅតែស្ថិតក្រោមការគ្រប់គ្រងបាន។ លើសពីនេះ នាយករដ្ឋមន្រ្តីរូបនេះក៏បានថ្លែងបញ្ជាក់បន្តទៀតថា ចំពោះការប្រឈមមុខដាក់គ្នារវាងភាគីកម្ពុជា-ថៃ ដែលមិនចាំបាច់អាចនាំមកនូវគ្រោះច្រើនជាងលាភ ហើយលោកស្រីនៅតែបញ្ជាក់ឡើងវិញថា រដ្ឋាភិបាលថៃនៅតែប្ដេជ្ញាចិត្តចំពោះការរកដំណោះស្រាយដោយសន្តិវិធីរវាងភាគទាំងពីរ។

បន្ថែមពីនេះ ឧត្តមសេនីយ៍ Songwit Noonpakdee ប្រធានកងកម្លាំងការពារជាតិថៃក៏បានបញ្ជាក់ដែរថា យោធាគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្ត្រសន្តិភាពរបស់រដ្ឋាភិបាល។ ដោយលោកបានលើកឡើងនូវចំណុចសំខាន់ចំនួនបីពាក់ព័ន្ធនឹងការគាំទ្រនេះថា៖
- ទីមួយ៖ យោធាគាំទ្រវិធីសាស្ត្រការទូតដើម្បីបន្ថយភាពតានតឹង។

- ទីពីរ៖ ខ្លួននៅបន្តបំពេញកាតព្វកិច្ចតាមធម្មនុញ្ញរបស់ខ្លួន ដើម្បីការពារអធិបតេយ្យជាតិ និងការពារជនស៊ីវិលនៅតាមបណ្តោយព្រំដែន។

- ទីបី៖ ស្ថានការណ៍ថៃ-កម្ពុជាត្រូវបានពិនិត្យឡើងវិញ ស្របទៅតាមយុទ្ធសាស្ត្រដែលរដ្ឋាភិបាលបានដាក់ចេញ និងក្រុមប្រឹក្សាសន្តិសុខជាតិ។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើ ក្នុងនោះឃើញថា ឯកឧត្តមនាយឧត្ដមសេនីយ៍ ទៀ សីហា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានធ្វើការបញ្ជាក់ដែរថា បន្ទាប់ពីមានការពិភាក្សាគ្នាហើយ ភាគីទាំងពីរឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីទាំងពីរ បានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណងចៀសវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ។ លើសពីនេះ ក្នុងការពិភាក្សានេះ ភាគីថៃបានស្នើសុំឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី ២៨ ឧសភាកន្លងទៅ។ ឆ្លើយតបចំពោះការស្នើសុំនេះ ឯកឧត្តមនាយឧត្ដមសេនីយ៍ ទៀ សីហា  បានបញ្ជាក់ថា ភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ  ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក ។ ដោយភាគីកម្ពុជា មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាបានឡើយ។ ម្យ៉ាងវិញទៀត ដរាបណាភាគីថៃនៅប្រើផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះនឹងមិនអាចរកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000) ដូចដែលមានកន្លងមក។ ហេតុនេះហើយ បានជាភាគីកម្ពុជា សម្រេចចិត្តរៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី) ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះនិងកំណត់ព្រំដែនជាក់លាក់។ កម្ពុជា មានបំណងទទួលយកតែសន្តិភាព ស្ថិរភាព និងតំកល់ប្រយោជន៍ប្រជាជនទាំងសងខាងជាធំ ។ 

ជុំវិញនៃការលើកឡើងខាងលើនេះ រដ្ឋមន្ត្រីការពារជាតិ លោក ភូថងវេជ្ជាជីវៈ បានបញ្ជាក់ថា ប្រទេសថៃមិនបានទាមទារឱ្យកងទ័ពកម្ពុជាដកខ្លួនទេ ប៉ុន្តែបានអំពាវនាវឱ្យមានការរៀបចំឡើងវិញនូវកិច្ចព្រមព្រៀងមួយនៅឆ្នាំ២០២៤ ដើម្បីរក្សាស្ថានភាពបច្ចុប្បន្ន និងទប់ស្កាត់ការកើនឡើងនៃជម្លោះរវាងភាគីទាំងពីរ។

លោក ភូថង ក៏បានបន្ថែមថា ភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីថ្ងៃទី៥ ខែមិថុនា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈគណៈកម្មការព្រំដែនរួម (JBC) ជាមួយនឹងផែនការបន្ទាន់រួចរាល់ហើយ។ ដោយរដ្ឋាភិបាលថៃមិនមានគម្រោងជំទាស់សាលដីកា ICJ ឡើយ ដោយនៅតែផ្តោតលើដំណោះស្រាយទ្វេភាគី និងជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនចៀសវាងនូវការផ្សព្វផ្សាយព័ត៌មានអុចអាលបែបជាតិនិយម ដែលអាចរាំងស្ទះដល់ការរីកចម្រើនរវាងភាគីទាំងពីរ។ ហើយចំពោះកិច្ចប្រជុំរបស់ JBC នៅថ្ងៃទី១៤ ខែមិថុនា ខាងមុខ នឹងត្រូវធ្វើឡើងតាមការគ្រោងទុក។

ពាក់ព័ន្ធនឹងការលើកឡើងរបស់រដ្ឋមន្រ្តីការពារជាតិថៃ លោក ទៀ សីហា ក៏បានបញ្ជាក់ដែរថា ភាគីកម្ពុជា-ថៃក៏បានឯកភាពគ្នាក្នុងការបន្តយន្តការចរចាក្នុងកិច្ចប្រជុំ GBC/JBC/RBC ទៅលើចំនុចដទៃៗទៀតនាថ្ងៃខាងមុខផងដែរ៕