2025-06-06 17:28
28

តាកែវ៖ កូនខ្ទីងមួយក្បាលបានកើតនៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» កាលពីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ កន្លងនេះ។

ការចាប់កំណើតថ្មី កូនខ្ទីង នៅឧទ្យានសួនសត្វព្រៃការពារ «ភ្នំតាម៉ៅ» គឺជាការបន្ថែមសមាជិកថ្មីដ៏មានតម្លៃនេះ និងជានិមិត្តរូបនៃក្តីសង្ឃឹមសម្រាប់ការអភិរក្សប្រភេទសត្វព្រៃដ៏កម្រនៅកម្ពុជា។ 

យើងមាពិតជាមានសេចក្តីសោមនស្សរីករាយអំពីដំណឹងនៃកំណើតកូនខ្ទីង និងអាចអញ្ជើញមកទស្សនាភាពដ៏ស្រស់ស្អាតនៃធម្មជាតិ និងការចូលជិតក្បែរកូនខ្ទីងដ៏តូចច្រឡឹងរបស់យើងដែលទើបឈានជើងដំបូងក្នុងពិភពលោកនេះ។

យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ បច្ចុប្បន្ននេះ ចំនួនប្រជាសាស្ត្រនៃសត្វខ្ទីងនៅលើពិភពលោកត្រូវបានគេប៉ាន់ស្មានថា មានចន្លោះពី ១៥ ០០០ ទៅ ៣៥ ០០០ ក្បាល ហើយក្នុងនោះ បើយោងតាមទិន្នន័យទីវាល ចំនួនសត្វខ្ទីងពេញវ័យអាចមានចន្លោះពី ៦ ០០០ ទៅ ២១ ០០០ ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ខ្ទីងកំពុងមានវត្តមានរស់នៅក្នុងប្រទេសប៊ូតង់ កម្ពុជា ចិន ឥណ្ឌា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ថៃនិងវៀតណាម ប៉ុន្តែបានផុតពូជនៅក្នុងប្រទេសស្រីលង្កា និងប្រទេសបង់ក្លាដេស។

ដោយឡែកនៅកម្ពុជា តំបន់ខ្លះមានសត្វខ្ទីងចំនួនច្រើន ដូចជា នៅក្នុងតំបន់ដែនជម្រកសត្វព្រៃក្នុងខេត្តមណ្ឌលគិរីដែលជាតំបន់ដែលមានសត្វខ្ទីងរស់នៅច្រើននៅអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៩០ ចន្លោះពីជាង ៥០០ ទៅជាង ១០០០ក្បាល។ ប៉ុន្តែចំនួននេះបានថយចុះនៅពេលបច្ចុប្បន្នដោយសារតែកត្តាគំរាមកំហែងមួយចំនួនជាពិសេសដោយសារតែអន្ទាក់និងការបរបាញ់ខុសច្បាប់៕