
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញា លោកជំទាវ លោក លោកស្រីដែលជាម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។
សូមជម្រាបថា នៅយប់ថ្ងៃទី១២ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា៖ «កន្លងមកនេះក្រុមជ្រុលនិយមថៃដោយមានការគាំទ្រពីពួកយោធាដែលនិយមសង្រ្គាមបានគំរាមមកកម្ពុជា ថានឹងកាត់ភ្លើងកាត់អ៊ីនធឺណិត សម្តេចបានតបថា កាត់អីក៏កាត់ទៅ បើកម្ពុជាមានអ៊ីនធឺណិត និងអគ្គិសនីប្រើគ្រប់គ្រាន់ហើយនោះ»។
ពាក់ព័ន្ធបញ្ហាទម្លោះព្រំដែនកម្ពុជា និងថៃ សម្តេចតេជោធ្លាប់បានអំពាវនាវកុំឲ្យបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីករាលដាលដល់កន្លែងផ្សេងទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត។ តែពេលនេះវាបានរីករួចស្រេចទៅហើយ ដូចជា ការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៊ីនធឺណិតការរាយលួសបន្លាតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនើងចិត្ត។
សម្តេចតេជោ ក៏បានជូនយោបល់ទៅរាជរដ្ឋាភិបាលថា «ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ»។
សម្តចតេជោសង្កត់ធ្ងន់ថា៖ «កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។ រឿងទាំងនេះសុទ្ធតែជាផ្តល់មតិសម្រាប់ការពិចារណាតែរឿង គួរធ្វើភ្លាម គឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា»៕
