
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលាផ្តល់សុពលភាព ផែនការរួមចំណែកជាតិឆ្លើយតបការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC 3.0) ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាជាមួយសហគមន៍អន្តរជាតិក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
នេះជាការថ្លែងឡើងរបស់បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងពិធីបិទសិក្ខាសាលាផ្តល់សុពលភាព «ផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ NDC 3.0» នៅទីស្តីការក្រសួងបរិស្ថាន។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP Cambodia) និងលោក Jo Scheuer អ្នកសម្របសម្រួលនិវាសនជនអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN Resident Coordinator in Cambodia) រួមជាមួយលោក លោកស្រី ជាថ្នាក់ដឹកនាំមកពីស្ថាប័នជាតិ អន្តរជាតិ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណជិត ១០០ នាក់។
លោករដ្ឋមន្ត្រីបានថ្លែងថា៖ «ជាដំបូង ខ្ញុំសូមអង្គពិធីអបអរសាទរចំពោះក្តីស្រមៃ ៧ ខែរបស់យើង បានសម្រេចនូវការរៀបចំឯកសារផែនការជាតិ (NDC 3.0) បង្ហាញនូវឆន្ទៈដ៏មហិច្ឆិតារបស់កម្ពុជានៅលើឆាកអន្តរជាតិ។ សមិទ្ធផលនេះ គឺជាមោទកភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តគោលជំហរនយោបាយដ៏រឹងមាំ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ»។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា គោលដៅសំខាន់ គឺជំរុញការអភិវឌ្ឍរបស់កម្ពុជាប្រកបដោយនិរន្តរភាព ធន់នឹងអាកាសធាតុ និងបញ្ចេញកាបូនទាប តាមរយៈការអនុវត្តវិធានការបន្ស៊ាំ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមវិស័យសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការបន្តពីស្នាដៃដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ សហគមន៍អន្តរជាតិក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ និងជ្រោមជ្រែង តាមរយៈមូលនិធិ និងធនធានផ្សេងៗ ដែលក្នុងនោះរួមមាន សហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការយូនីសេហ្វ (UNICEF) និងអង្គការអុកស្វាម (OXFAM) ជាដើម។
សូមជម្រាបជូនថា NDC 3.0 គឺជាឯកសារយុទ្ធសាស្ត្រជាតិរបស់កម្ពុជា សម្រាប់កៀរគរថវិកា និងអនុវត្តសកម្មភាពដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនសមត្ថភាពបន្ស៊ាំនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ឯកសារនេះគ្របដណ្តប់លើគ្រប់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលទាំងអស់ ហើយមិនមែនត្រឹមតែក្រសួងបរិស្ថាននោះទេ៕


