
ភ្នំពេញ៖ កាលពីថ្ងៃព្រហស្សតិ៍ម្សិលមិញ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានស្នើឱ្យក្រសួង ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងក្នុងការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ការស្នើឡើងបែបនេះរបស់លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ.) ធ្វើឡើងក្នុងពេលដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់ គ.ស.ហ. នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥។
កិច្ចប្រជុំលើកទី២ របស់ គ.ស.ហ. នេះគឺដើម្បីពិនិត្យលើវឌ្ឍនភាពការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យរបស់កម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាអនុប្រធាន និងជាសមាជិកនៃ គ.ស.ហ. ព្រមទាំង ទាវ លោក លោកស្រី ជាប្រធានដឹកនាំតាមម៉ូឌុលនីមួយៗនៃអនុគណៈកម្មការវាយតម្លៃថ្នាក់ជាតិស្ដីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន ជាពិសេស លើវឌ្ឍនភាពនៃការវាយតម្លៃហានិភ័យថ្នាក់ជាតិ ស្តីពី ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (National Risk Assessment - NRA) លើកទី២ និងការរៀបចំរបាយការណ៍ NRA លើកទី២ នេះ ដែលជាឯកសារគោលដ៏សំខាន់សម្រាប់កម្ពុជា ហើយនឹងក្លាយមូលដ្ឋានសម្រាប់វាយតម្លៃពីហានិភ័យរបស់កម្ពុជាពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់, ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
ទន្ទឹមនេះ, របាយការណ៍នេះ ក៏នឹងក្លាយទៅជាមូលដ្ឋានសម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (National Strategy - NS) ដើម្បីដាក់ចេញនូវផែនការសកម្មភាពនានា សំដៅឆ្លើយតបទៅនឹងកម្រិតហានិភ័យដែលបានកំណត់នៅក្នុងរបាយការណ៍ NRA លើកទី២ នេះផងដែរ។
បន្ថែមពីនេះ, អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាអំពីការដាក់ចេញនូវទិសដៅការងារបន្ត ដើម្បីជាការត្រៀមលក្ខណៈរបស់កម្ពុជាសម្រាប់ការវាយតម្លៃអញ្ញមញ្ញ លើកទី៣ ឆ្នាំ២០២៨-២០២៩ ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ, អង្គប្រជុំក៏បានពិនិត្យ ពិភាក្សា និងវាយតម្លៃលើនិន្ននាការ និងការវិវត្តថ្មីៗមួយចំនួនដែលគួរឱ្យកត់សម្គាល់ ពិសេស ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា «Online Scam» និងទ្រព្យសកម្មនិម្មិត «Virtual Assets» ដែលអាចជះឥទ្ធិពលដល់ការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យរបស់កម្ពុជា។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជាប្រធាន គ.ស.ហ. បានសម្តែងនូវអំណរគុណចំពោះ លោក លោកស្រី ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏ដូចជា ការកោតសរសើរចំពោះការចូលរួម និងកិច្ចខិតខំប្រឹងប្រែងរបស់ លោក លោកស្រី នៅតាមក្រសួង ស្ថាប័ន នានា ដែលបានចូលរួមយ៉ាងសកម្មក្នុងការវាយតម្លៃហានិភ័យនៃការសម្អាតប្រាក់នៅតាមវិស័យរៀងៗខ្លួន ដែលធ្វើឱ្យរបាយការណ៍ NRA លើកទី២ នេះសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។
លោកឧបនាយករដ្ឋមន្ត្រី ជាប្រធាន គ.ស.ហ. ក៏បានស្នើឱ្យក្រសួង ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងក្នុងការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕


