
ភ្នំពេញ៖ ហាងលក់សម្លៀកបំពាក់ និងស្បែកជើង យីហោ «H Collection» ចំនួន ៣សាខា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចុះបង្ក្រាបពាក់ព័ន្ធករណីលក់តាំងលក់សម្លៀកបំពាក់ ម៉ាក «HUGO BOSS» ក្លែងក្លាយ និងរំលោភកម្មសិទ្ធិបញ្ញា របស់ក្រុមហ៊ុន HUGO BOSS AG ដកហូតវត្ថុតាងបានជាច្រើន។
តាមប្រភពបានឱ្យដឹងថា កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចូលរួមសហការពីមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួម និងអាជ្ញាធរពាក់ព័ន្ធ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ បានចុះបង្រ្កាបហាងលក់សម្លៀកបំពាក់ H Collection ចំនួន ៣សាខា ក្នុងរាជធានីភ្នំពេញ។
ការបង្ក្រាបនេះហាងលក់សម្លៀកបំពាក់នេះពាក់ព័ន្ធករណីតាំងលក់សម្លៀកបំពាក់ ម៉ាក HUGO BOSS ក្លែងក្លាយ រំលោភកម្មសិទ្ធិបញ្ញារបស់ ក្រុមហ៊ុន HUGO BOSS AG។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោយមានបណ្តឹងរបស់ក្រុមហ៊ុនតំណាង S&O។
ក្នុងការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញ និងដកហូតផលិតផលសម្លៀកបំពាក់ ម៉ាក HUGO BOSS ក្លែងក្លាយ រួមមាន៖ អាវ ចំនួន ១ ៨៤៣ អាវ, មួកចំនួន ១២ មួក, ស្បែកជើង ចំនួន ១៣២ គូ, ខោ ចំនួន ២០ ខោ និង ខោក្នុងបុរស ចំនួន ១៨ ខោ ព្រមទាំងបាននាំខ្លួនម្ចាស់ទីតាំងរួមនឹងបុគ្គលពាក់ព័ន្ធទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីបន្តនីតិវិធី។
ជាមួយគ្នានេះសមត្ថកិច្ចសូមធ្វើការផ្តាំផ្ញើដល់បងប្អូនអាជីវករ សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា ដោយបញ្ឈប់ធ្វើការនាំចូល ចែកចាយ តាំងលក់ ក៏ដូចជាផ្សព្វផ្សាយលក់តាមបណ្តាញសង្គមនូវផលិតផលក្លែងក្លាយ ឬ ក្លែងបន្លំម៉ាកសញ្ញា បើពុំនោះទេសមត្ថកិច្ចនឹងមានវិធានការតាមផ្លូវច្បាប់ជាធរមានជាក់ជាមិនខាននោះឡើយ៕

