
ភ្នំពេញ៖ ក្នុងជំនួបជម្រាបលារវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ភាគីទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តរួមចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ជាពិសេសនៅក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។
នាឱកាសនោះ ឯកអគ្គរដ្ឋទូតបារាំង បានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់ប្រទេសបារាំង ចំពោះការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងកោតសរសើរចំពោះការរួមចំណែកដ៏សំខាន់ របស់ឯកអគ្គរដ្ឋទូត បារាំងក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា-បារាំង និងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ឯកអគ្គរដ្ឋទូត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនានា ជាពិសេសអប់រំ វប្បធម៌ និងអភិវឌ្ឍន៍។ ដោយទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់គ្រឿងឥស្សរិយយស «សហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍» ដែលជាគ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតមួយរបស់កម្ពុជា ជូនដល់លោក Jacques Pellet។
លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតបារាំង បានរំលឹកឡើងវិញពីកិច្ចសហប្រតិបត្តិការទ្វេភាគី នាពេលថ្មីៗនេះ ក្នុងនោះរួមមានការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពី មហាសមុទ្រលើកទី៣ នៅទីក្រុងនីស ដែលក្នុងឱកាសនោះ កម្ពុជាបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីជីវៈចម្រុះសមុទ្រនៅក្រៅដែនយុត្តាធិការជាតិ (កិច្ចព្រមព្រៀង BBNJ) និងបានគាំទ្រសេចក្តីប្រកាសទីក្រុងនីស។
លោក ប្រាក់ សុខុន បានថ្លែងទទួលស្គាល់ចំពោះតួនាទីគន្លឹះ របស់លោក Pellet ក្នុងការសម្របសម្រួលការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាច្រើនក្នុងអាណត្តិ។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតបានជូនដំណឹងអំពីគម្រោងបំពេញទស្សនកិច្ចនៅកម្ពុជា របស់មន្ត្រីជាន់ខ្ពស់បារាំង នាពេលខាងមុខផងដែរ។
នាជំនួបជម្រាបលានោះ ឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត Pellet ក៏បានកត់សម្គាល់ពីវឌ្ឍនភាពឆ្ពោះទៅរកការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងបារាំង គោលបំណងនេះ នៅឆ្នាំ២០២៦។ ជាមួយគោលដៅរួមក្នុងការសម្រេចឱ្យបានឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រទេសបារាំង ដែលបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។
លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះតួនាទីចម្បងរបស់ប្រទេសបារាំងក្នុងឋានៈជាសហប្រធាននៃគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) ក្នុងការអភិរក្សសម្បត្តិបេតិកភណ្ឌ និងការគាំទ្ររបស់បារាំងក្នុងវិស័យអប់រំ តាមរយៈអាហារូបករណ៍ និងការ បណ្តុះបណ្តាល។
លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះភាពជាក់ស្តែង ដែលប្រទេសបារាំងនៅតែជាប្រភពភ្ញៀវទេសចរច្រើនឈានមុខគេក្នុងតំបន់អឺរ៉ុប ដែលមកទស្សនាកម្ពុជា និងបានគូសបញ្ជាក់ពីសារៈ សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះមួយចំនួន ដូចជា ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ទេសចរណ៍ វប្បធម៌ ការអភិរក្សបេតិកភណ្ឌ និងអប់រំ។ ឯកឧត្តម Jacques Pellet បានបញ្ជាក់ ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសបារាំងក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងអស់នេះ។
លោកឧបនាយករដ្ឋមន្ត្រី និងអគ្គរដ្ឋទូតបារាំង បានអះអាងនូវការប្តេជ្ញាចិត្តរួមចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ជាពិសេសនៅក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ ឯកអគ្គរដ្ឋទូតបារាំង បានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់ប្រទេសបារាំងចំពោះការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ផងដែរ៕



