2025-07-18 16:58
10

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាឲ្យស្នងការនគរបាលខេត្តកោះកុង ធ្វើការស្រាវជ្រាវជាបន្ទាន់ ក្រោយបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ឬ ហៅថា «Online Scams» ហើយបាត់ទូរសព្ទដៃ និងកុំព្យូទ័រដែលជាវត្ថុតាងជាង ៣០ គ្រឿង ពុំដូច្នេះទេនឹងបញ្ជូនក្រុមជំនាញពីថ្នាក់ជាតិទៅស្រាវជ្រាវរឿងធំមិនខាន។

អគ្គស្នងការនគរបាលជាតិ ការបញ្ជាជាមួយនឹងការស្តីបន្ទោសនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារ បន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ពីម្សិលមិញ។

នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាទៅមន្រ្តីក្រោមឱវាទទាំងអស់ ត្រូវចេញប្រតិបត្តិការបង្រ្កាបបទល្មើសបច្ចេកវិទ្យា «Online Scams» ជាបន្ទាន់មិនត្រូវឱ្យមានភាពថ្លោះធ្លោយដាច់ខាត ជាពិសេសត្រូវបង្កើតឱ្យមានកម្លាំងជំនាញស្តង SOP ដើម្បីចុះប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យានេះឱ្យកាន់តែមានប្រសិទ្ធខ្ពស់ស្របតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ប្រមុខរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងយុទ្ធនាការបោសសម្អាតឧក្រឹដ្ឋឆបោកតាមប្រព័ន្ធអនឡាញនៅក្របខ័ណ្ឌទូទាំងប្រទេស និងបន្តចាត់វិធានការបិទវេបសាយទាក់ទងទៅនឹងលេងល្បែងអនឡាញ៕