
ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា៖ «កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា និងបានសកម្មចូលរួមអនុវត្តន៍អនុសញ្ញានេះ ប្រកបដោយជោគជ័យ ទាំងឆាកជាតិ និងអន្តរជាតិ ទាំងមុន និងក្រោយក្លាយខ្លួនសមាជិកពេញសិទ្ធនៅឆ្នាំ២០០០»។
អគ្គនាយកស៊ីម៉ាក់ បានបន្ថែមទៀតថា៖ «កម្ពុជា បានបញ្ជាក់ថា គ្រប់ភាគីជម្លោះបានប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស មានចំនួនប្រមាណ ៤-៦ លានគ្រាប់ ហើយគិតមកដល់ពេលនេះ កម្ពុជាបានបោសសម្អាត និងកម្ទេចចោល ចំនួនជាង ១លាន ២សែនគ្រាប់ ដែលភាគច្រើនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេស សម្រាប់បម្រើសុខសុវត្ថិភាពប្រជាពលរដ្ឋ និងអភិឌ្ឍន៍ប្រទេសឡើងវិញ»។ លោក ហេង រតនា បានបញ្ជាក់ថា៖ «គិតមកដល់ពេលនេះ កម្ពុជា បានបោសសម្អាត និងកម្ទចចោលទាំងគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានចំនួនជាង ៤ លាន៤៦ម៉ឺនគ្រាប់»។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ធ្លាប់បានលើកឡើងនាពេលកន្លងមក “បូរណភាពទឹកដីអ្នកណាអ្នកនោះទទួលខុសត្រូវ”។ លោក ហេង រតនា ក៏បានសង្ខេបខ្លឹមសារនៃមាត្រាទី៥ នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ាយ៉ាងដូច្នេះថា៖ «រដ្ឋភាគីនីមួយៗមានកាតព្វកិច្ចកម្ទេច ឬ ធានានូវការកម្ទេចគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សនៅក្នុងទីតាំងមានមីនស្ថិតនៅក្រោមយុត្តាធិការ ឬ ការគ្រប់គ្រង់របស់ខ្លួន ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនឲ្យលើសរយៈពេល១០ឆ្នាំបន្ទាប់ពីបានក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះ»។
ក្នុងមាត្រាទី៥ បានចែងទៀតថា «រដ្ឋភាគីនីមួយៗត្រូវខិតខំប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីកំណត់ទីតាំងទាំងអស់ក្រោមយុត្តាធិការ ឬ ការគ្រប់គ្រងរបស់ខ្លួនដែលបានដឹង ឬ សង្ស័យថាមានដាក់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដោយត្រូវដាក់ផ្លាកសញ្ញាសម្គាល់ព្រំប្រទល់ ពិនិត្យតាមដាន និងការពារដោយព័ទ្ធរបង ឬ ដោយមធ្យោបាយផ្សេងទៀត នៅគ្រប់ទីតាំងដែលមានគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដែលស្ថិតនៅក្រោមយុត្តាធិការ ឬការគ្រប់គ្រងរបស់ខ្លួននោះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាការពារជនស៊ីវិលពីការគ្រោះថ្នាកុំដោយសារគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស រហូតដល់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សទាំងអស់នោះ ត្រូវបានកម្ទេចចោល...»៕


