
ត្បូងឃ្មុំ៖ សំណុំរឿងហិង្សារវាងកម្មករជនជាតិខ្មែរ និងមេការសំណង់ជនជាតិចិន ពាក់ព័ន្ធករណីអំពើហិង្សា ដែលត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចាប់ខ្លួនបុរសជាកម្មករនាំយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តត្បូងឃ្មុំនោះ ពេលនេះតំណាងអយ្យការសម្រេចមិនចោទប្រកាន់ និងបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានវិញ។
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានឱ្យដឹងថា៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ មានការធ្វើអត្ថាធិប្បាយដោយសម្ភាសន៍ ជាមួយកម្មករជនជាតិខ្មែរ និងគ្រួសារ បង្ហោះចែកចាយនៅលើបណ្តាញសង្គម អំពីករណីហិង្សារវាងកម្មករជនជាតិខ្មែរ និងមេការសំណង់ ជនជាតិចិន ដែលប្រព្រឹត្តនៅការដ្ឋានសំណង់ ស្ថិតក្នុងភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ សូមបញ្ជាក់ជូនថា៖ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានទទួលចាត់ការសំណុំរឿងខាងលើពីអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដោយមានអង្គហេតុថា៖ “មេការសំណង់ជនជាតិចិនបានប្តឹងកម្មករជនជាតិខ្មែរ ដែលបានប្រើហិង្សាវាយចំច្រមុះរបស់មេការជនជាតិចិន ប៉ុន្តែកម្មករជនជាតិខ្មែរបដិសេធថាមិនបានវាយនោះទេ គ្រាន់តែគ្រវាសដៃធ្វើឱ្យប្រឡាក់ប្រេងម៉ាស៊ីន នៅលើចុងច្រមុះរបស់មេការជនជាតិចិនប៉ុណ្ណោះ”។
អ្នកនាំពាក្យបញ្ជាក់ថា ចំពោះករណីខាងលើនេះ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានព្យាយាមសម្របសម្រួល ប៉ុន្តែមិនទទួលបានលទ្ធផលនោះទេ ហើយក៏បានបញ្ជូនសំណុំរឿងមកអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំតាមនីតិវិធី។ បន្ទាប់ពីទទួលបានសំណុំរឿងភ្លាម តំណាងអយ្យការបានធ្វើការសាកសួរ និងផ្ទៀងផ្ទាត់ចម្លើយរបស់ភាគីទាំងពីរព្រមទាំងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង ជាពិសេស ការសន្និដ្ឋានរបស់គ្រូពេទ្យ ហើយក៏បានសម្រេចអនុញ្ញាតឱ្យកម្មករជនជាតិខ្មែរ នោះត្រឡប់ទៅលំនៅឋានវិញភ្លាម។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់បន្ថែមថា៖ «រាល់ចំណាត់ការទាំងអស់ របស់តំណាងអយ្យការធ្វើឡើងបន្ទាប់ពីបានផ្ទៀងផ្ទាត់ចម្លើយរបស់ភាគីនីមួយៗ ចម្លើយសាក្សី និងពិនិត្យភស្តុតាង នានា ដោយមិនផ្អែកតែម្យ៉ាង លើការលើកឡើង ឬ បកស្រាយរបស់ភាគីណាមួយតែម្ខាងនោះទេ»។
សូមបញ្ជាក់ថា ករណីខាងលើនេះ មានការបង្ហោះលើបណ្តាញសង្គមយ៉ាងព្រាតព្រោងថា៖ «កូនប្រុសជាទាហាន ជាប់ការពារព្រំដែន ឪពុកត្រូវជាប់គុក ដោយសារតែគ្រវាសដៃ ធ្វើឱ្យប្រេងម៉ាស៊ីន ប្រឡាក់ត្រូវមេការជនជាតិចិន ហើយត្រូវមេការចិន ប្ដឹងទៅអធិការនគរបាលស្រុកត្បូងឃ្មុំ ចាប់ឃុំខ្លួនរយៈពេលពីរថ្ងៃ រួចបញ្ជូនទៅតុលាការតែម្ដង និងបានស្នើសុំថ្នាក់លើជួយពិនិត្យមើលរឿងនេះ ព្រោះដូចជាមិនប្រក្រតី»។
ការបង្ហោះនោះបានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមផ្ទុះការជជែកវែកញែក និងចែករំលែកយ៉ាងច្រើន ដើម្បីឱ្យថ្នាក់ដឹកនាំបានដឹងអំពីរឿងនេះជួយអន្តរាគមន៍ ព្រោះវាហាក់ដូចជាអយុត្តិធម៌ពេកគ្រាន់តែគ្រវាស់ដៃធ្វើឱ្យប្រេងម៉ាស៊ីនប្រឡាក់ច្រមុះមេការចិនបន្តិចបន្តួចសោះត្រូវប៉ូលិសចាស់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការដែរ ខណៈកូនប្រុសជាយោធាកំពុងកាន់អាវុធឈរជើងនៅតំបន់ព្រំដែន ដើម្បីការពារទឹកពីចោរសៀមឈ្លានពាន៕

