
ភ្នំពេញ៖ ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យជូនវីរកងទ័ពតស៊ូប្រយុទ្ធ និងពលី ប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏ថ្លៃថ្លា ចំនួន ១០ ម៉ឺនដុល្លារអាមេរិក ជូនដល់វីរកងទ័ពតស៊ូប្រយុទ្ធ និងពលី ដើម្បីបុព្វហេតុការពារបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏ថ្លៃថ្លា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជតម្រិៈដង្ហែតាមព្រះរាជគំរូវីរភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា “ព្រះបរមរតនកោដ្ឋ” ព្រះវររាជបិតាឯករាជ្យជាតិ និងបូរណភាពទឹកដី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ដើម្បីជាការរួមចំណែកក្នុងគ្រាប្រទេសជាតិជួបប្រទះការឈ្លានពានពីបច្ចាមិត្តព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏ថ្លៃថ្លា ចំនួន ១០ ម៉ឺនដុល្លារអាមេរិក ជូនដល់វីរកងទ័ពតស៊ូប្រយុទ្ធ និងពលី ដើម្បីបុព្វហេតុការពារបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះមានព្រះរាជបន្ទូលថា យុទ្ធមិត្តដ៏អង់អាចរបស់យើង បានបូជាពលីសាច់ស្រស់ឈាមស្រស់នៅសមរភូមិមុខ បណ្តាប្រជានុរាស្រ្តគ្រប់ភូមិឋានបានរួបរួមពួតដៃគ្នា ក្នុងស្មារតីមហាគ្រួសារខែ្មរតែមួយ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយដល់ជនភៀសសឹករាប់ម៉ឺននាក់ដែលត្រូវការជំនួយបឋម។
មហាស្មារតីដ៏មហស្ចារ្យនេះ បានស្តែងឲ្យឃើញពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គឺ «ជនរួមជាតិជាទីស្នេហា…អាវុធសំខាន់ជាងគេសម្រាប់កសាង និងការពារឯករាជ្យ និងអនាគតយ;ង ពុំមែនគ្រឿងយោធាបរិក្ខាដ៏ស្តួចស្តើង គួរឱ្យវេទនារបស់កងទ័ពយើងនោះទេ។ អាវុធនោះ គឺ ការួបរួមចងបាច់គ្នាជាធ្លុងមួយនៃយើងនេះឯង»។
ព្រះអង្គមានជឿជាក់ថា ការរួបរួមរបស់យើងជាធ្លុងមួយនេះ នឹងជួយស្រោចស្រង់ប្រទេសយើង និងឯករាជ្យយើងឱ្យឆ្លងសមុទ្រគ្រោះថ្នាក់ដែលមាននៅមុខយើងនេះ បានផុតស្រឡះដោយជ័យមង្គល «ទុក្ខលំបាករបស់រាស្រ្ត ជាទុក្ខលំបាករបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ»៕


