
ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃព្រហស្សតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា៖ «ចំពោះករណីចាប់ខ្លួនយុទ្ធជនយើងដោយភាគីថៃ ដែលមកដល់ពេលនេះ យើងនៅរង់ចាំភាគីថៃបញ្ជូនពួកគេវិលត្រឡប់មកកម្ពុជាវិញ។ ការមិនបញ្ចេញព័ត៌មានមិនមែនមានន័យថារាជរដ្ឋាភិបាល និងក្រសួងការពារជាតិបិទបាំងព័ត៌មានឡើង ប៉ុន្តែយើងត្រូវគិតគូរពីអាយុជជីវិត និងជោគវាសនារបស់ពួកគាត់ គឺជាអាទិភាពចម្បងបំផុត ព្រោះការបញ្ចេញព័ត៌មានលឿនមិនច្បាស់លាស់បង្កឱ្យមានគ្រោះថ្នាក់ដល់កងកម្លាំងយើង»។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះ បន្ទាប់ពីមានការចោទសួរជាច្រើន មកលើរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ ថាហេតុអ្វី? រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ មិនបញ្ចេញព័ត៌មានពាក់ព័ន្ធ ព្រឹត្តិការណ៍ដែលទាហានថៃ ចាប់ខ្លួនកម្លាំងយោធារបស់កម្ពុជា ចំនួន ២១ រូប វាជាការលាក់បាំង ឬយ៉ាងណា?
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មានការចោទសួរហេតុអ្វី? បានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជា ដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេ ឬទេ?
ពាក់ព័ន្ធការលើកឡើងទាំងនេះ សម្តចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណា ដើម្បីឲ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត»។
សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា៖ «នៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិត និងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។ ចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះ យើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់ គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន»។
ប្រមុខរដ្ឋាភិបាលបានលើកឡើងថា នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។
ហេតុដូច្នេះ រវាងជម្រើសក្នុងការផ្សពផ្សាយព័ត៌មាន ឲ្យសាធារណៈជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៌មានដើម្បីធានាអាយុជីវិតរបស់ពួកគាត់នៅក្នុងដំណាក់កាលដំបូង ដែលមានភាពមិនច្បាស់លាស់នោះ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការគ្រប់គ្រងព័ត៌មានឱក្យបានល្អ និងបើកការចរចាទាមទារពួកគេមកវិញ ឲ្យបានឆាប់រហ័សនោះទេ។ មិនមែនរាជរដ្ឋាភិបាលលាក់ព័ត៌មានមិនចង់ឱ្យប្រជាពលរដ្ឋដឹង ឬ មិនគិតពីអាយុជីវិតរបស់កងកម្លាំងយើង ដូចមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់នោះទេ។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំកងទ័ពរបស់យើងបានទាក់ទងទៅភាគីថៃ ដើម្បីស្នើសុំឲ្យមានការដោះលែងកម្លាំងរបស់យើងភ្លាមៗតាំងពីពេលកើតហេតុ»។
រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគទី៤ របស់កម្ពុជាបានទាក់ទងជាប្រចាំ ជាមួយសមភាគីថៃ ដើម្បីស្នើឲ្យមានការដោះលែងយោធិនយើងត្រឡប់មកវិញ ឲ្យបានឆាប់ជាទីបំផុត។ បន្ថែមលើនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំការជួយអន្តរាគមន៍ពីអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមគាត់ជាអ្នកសម្របសម្រួល និងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើទៅអគ្គបញ្ជាការកងទ័ពថៃ ឱ្យជួយជំរុញការដោះលែងឲ្យបានឆាប់ផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី សង្ឃឹមថាកងទ័ពថៃ និងធ្វើការបញ្ជូនយោធិនរបស់យើងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឲ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត។
បើតាមអ្នកនាំពាក្យកងទ័ពថៃ បានបញ្ជាក់ថា៖ «មេបញ្ជាការភូមិភាគទី២ របស់ថៃ បានលើកឡើងថា ថៃគោរពច្បាប់អន្តរជាតិ និងយល់ព្រមដោះលែងចំណាប់ខ្មាំងជូនកម្ពុជាវិញ នៅពេលដែលនីតិវិធីច្បាប់ចប់សព្វគ្រប់ ប៉ុន្តែថៃមិនបានបញ្ជាក់ថា នីតិវិធីត្រូវចំណាយរយៈពេលប៉ុន្មានទេ»។ នេះជាការបញ្ជាក់របស់មេភូមិភាគទី២ថៃ នៅក្នុងជំនួបជាមួយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី កាលពីថ្ងៃទី២៩ ខែកក្កដា ម្សិលមិញនេះ៕

