
ភ្នំពេញ៖ សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% វិញ។ ដែលនេះចាត់ទុកថាជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខទៀត។
យោងតាមការបញ្ជាក់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ សីហា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (ពីអត្រាដំបូង ៤៩% និងបានចុះត្រឹម ៣៦% ជំហានទី១)។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កាលពីថ្ងៃទី ២៦ និង ២៨ កក្កដា កន្លងទៅ សម្ដេចបានសន្ទនាតាមទូរសព្ទ ជាមួយឯកឧត្តមធានាធិបតី Donald Trump។
ដោយសម្ដេច បានបញ្ជាក់អំពីសារៈសំខាន់ នៃសន្តិភាពនិងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង ៥០០ឆ្នាំមកហើយ។
សម្ដេចបន្តថា “នៅក្នុងឱកាសនោះ ខ្ញុំក៏បានស្នើសុំឲ្យឯកឧត្តមប្រធានាធិបតីផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា អោយនៅត្រឹមអត្រាទាបណាមួយ ដែលជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។”
ក្រោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជាទៅកាន់ប្រធានាធិបតី ដូណាល់ ត្រាំ រួចមក លោកបានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តរបស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាអោយមានសន្តិភាព ក៏ដូចជាជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។
សម្ដេច ហ៊ុន ម៉ាណែត បន្តថា “ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតី បានប្រាប់ខ្ញុំកាលពីថ្ងៃទី ២៨ កក្កដា ថា នឹងពិនិត្យសម្រេច ដោយឯកឧត្តមបានប្រាប់ខ្ញុំថា នឹងធ្វើឲ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។ ថ្ងៃនេះគឺឯកឧត្តមបានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម ១៩%។”
ឆ្លៀតក្នុងឱកាសដ៏អំណរនេះ នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។
បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។
សូមបញ្ជាក់ថា កាលពីខែមេសា កន្លងទៅ អាមេរិកបានប្រកាសពន្ធលើកម្ពុជា ៤៩ ភាគរយ ដែលជាអាត្រាពន្ធខ្ពស់បំផុតក្នុងចំណោមប្រទេសផ្សេងៗទៀត។ តែក្រោយការចរចារអាមេរិកក៏សម្រេចបន្ធូរមកត្រឹម ៣៦ ភាគរយវិញ និងបានបន្តចុះត្រឹម ១៩ ភាគរយ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នេះ៕
