
ឧត្តមានជ័យ៖ លោក Wang Wenbin ឯកអគ្គរាជទូតចិនប្រចាំកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារ ឱ្យពលរដ្ឋជាជនភៀសសឹកដោយសារសង្គ្រាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ កំពុងស្នាក់នៅបណ្តោះអាសន្ន នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយឣំពិល ខេត្តឧត្តរមានជ័យ ដើម្បីជួយកែលំឣជីវភាពរស់នៅ។
ការផ្តល់ជំនួយនេះ ធ្វើឡើងក្នុងពេលឯកអគ្គរាជទូតចិនប្រចាំកម្ពុជា អញ្ជើញចុះទៅពិនិត្យមើលការខូចខាត និងផលប៉ះពាល់ដោយសារសង្គ្រាមនៅព្រំដែនរវាងយោធាកម្ពុជា និងយោធាថៃ កាលពីការប៉ះទង្គិចគ្នាចន្លោះថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ ដែលស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
សូមរំឭកថា នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំប្រមុខបេសកកម្មការទូតបរទេសប្រចាំកម្ពុជា ដើម្បីចុះត្រួតពិនិត្យតំបន់រងផលប៉ះពាល់នៅខេត្តឧត្ដរមានជ័យ ដែលបង្កឡើងពីការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ លើបញ្ហាជម្លោះព្រំដែន ព្រមទាំងសួរសុខទុក្ខបងប្អូនជនភៀសសឹកផងដែរ។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ប្រាប់បណ្តាអង្គទូត អង្គការអន្តរជាតិថា៖ «រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ»៕
