
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងបញ្ជាក់ថា៖ «កងកម្លាំងយោធាកម្ពុជា ចំនួន ១៨ រូប ដែលទាហានថៃបានចាប់ទៅក្រោយមានបទឈប់បាញ់ គឺមានសុខសុវត្ថិភាពធម្មតា ខណៈថ្នាក់ដឹកនាំកម្ពុជាបានកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីទាមទារឲ្យភាគីថៃធ្វើការដោះលែង និងប្រគល់ពួកគាត់មកកម្ពុជាវិញឱ្យបានឆាប់រហ័ស និងសុវត្ថិភាព»។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី “លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ” នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់រាជរដ្ឋាភិបាលកម្ពុជាយើងបានធ្វើការទំនាក់ទំនងចរចា និងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពោះយោធិនកម្ពុជា ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ទាហានថៃ ដើម្បីធ្វើយ៉ាងណាឲ្យភាគីថៃធ្វើការដោះលែងពួកគាត់ឲ្យមកកម្ពុជាវិញឆាប់ៗស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ»។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានអំពាវនាវយ៉ាងទទួចដល់ភាគីថៃ ឲ្យប្រគល់យោធាកម្ពុជា ចំនួន ១៨រូប ដែលថៃបានចាប់ទៅកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា កន្លងមក ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់នោះមកកម្ពុជាវិញឲ្យបានឆាប់ៗ និងប្រកបដោយសុខសុវត្ថិភាព បើទោះបីសព្វថ្ងៃនេះថៃអះអាងថាពួកគាត់ទាំង១៨នាក់មានសុវត្ថិភាពក៏ដោយនោះ។
កម្ពុជា បានស្នើឲ្យម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ឲ្យជួយអន្តរាគមន៍ ដើម្បីជំរុញឲ្យភាគីថៃឆាប់បញ្ជូនពួកគាត់ឲ្យមកកម្ពុជាវិញឲ្យបានឆាប់ៗនេះផងដែរ។
អ្នកនាំពាក្យក៏បានលើកឡើងទៀតថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទមិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះ ក្នុងកាលៈទេសៈណាក៏ដោយខណៈទាហាខ្មែរចំនួន១៨នាក់ដែលទាហានថៃចាប់ទៅនេះបានកំពុងបន្តធ្វើការចរចារ យ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់រាជរដ្ឋាភិបាលដើម្បីសុខសុវត្ថិភាពរបស់ពួកគាត់៕
