
ភ្នំពេញ៖ ការធ្វើបច្ចុប្បន្នភាពនៃកិច្ចព្រមព្រៀងបទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌរវាងកម្ពុជា និងថៃ នៅវេលាម៉ោង០៧ព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា៖ «គិតត្រឹមម៉ោងជាង៩ព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យ មានភាពស្ងប់ស្ងាត់ តែកងកម្លាំងកម្ពុជា បន្តប្រុងប្រយ័ត្នខ្ពស់ ក្នុងការអនុវត្តតួនាទីភារកិច្ចគ្រប់ពេល»។
អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ចាប់ផ្តើមពីម៉ោង១២យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ រហូតដល់ម៉ោង ០៦និង១៥នាទីព្រឹកនេះ ស្ថានភាពនៅសមរភូមិមុខ តាមបណ្តោយខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នៅតែមានសភាពស្ងប់ និងស្ថិរភាព។ កងកម្លាំងយោធាកម្ពុជាមានជំហររឹងមាំ និងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមទៀតថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការគោរព និងអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី៕
_1754362761.jpg)
