2025-08-05 12:02
6

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានសំដែងការសោកស្តាយយ៉ាងខ្លាំង ដែលកងកម្លាំងប្រដាប់អាវុធថៃ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញ បានដាក់គ្រឿងចក្រធន់ធ្ងន់មានអេស្កាវ៉ាទ័រ ប៊ុលស័រ ចល័តចូលតំបន់អានសេះ ជាដែនអធិបតេយ្យរបស់កម្ពុជា និងរាយលួសបន្លាទោះបីជាមានការហាមឃាត់យ៉ាងណាពីសំណាក់កងកម្លាំងកម្ពុជាដ៏ដោយ។

នេះបើតាមការបញ្ជាក់របស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅវេលាម៉ោង ១១និង០០នាទី ថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

គិតត្រឹមម៉ោង ០៦និង០០នាទី រហូតដល់ម៉ោង ១១និង០០នាទី ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ នេះ សភាពការណ៍ទូទៅតាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់។ ប៉ុន្តែកងកម្លាំងជួរមុខរបស់កម្ពុជានៅតែបន្តប្រុងប្រយ័ត្នខ្ពស់បំពេញតួនាទីបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុតអ្នកនាំពាក្យក្រសួងការពារជាតិ បានរំលេចថា៖ «ថ្មីៗកន្លងមកនេះ កម្ពុជាបានរៀបចំដំណើរទស្សនៈកិច្ចបណ្តាអង្គទូតអនុព័ន្ធយោធាប្រចាំកម្ពុជា និងដៃគូរផ្សេងៗ ទៅកាន់តំបន់អានសេះ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ និងបានបង្ហាញថាទីតាំងនេះ គឺស្ថិតក្នុងអធិបតេយ្យភាពរបស់កម្ពុជាដ៏ពិតប្រាកដ និងនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជា បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមានកាលពីរំលងអធ្រាត្រថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥»។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចាត់ទុកថា ទង្វើបង្កហេតុដោយភាគីថៃជាបន្តបន្ទាប់ម្តងហើយម្តងទៀតបែបនេះ គឺបានរំលោភបំពានយ៉ាងគឃ្លើនលើកិច្ចព្រមព្រៀងបទឈប់បាញ់ ជាការគំរាមកំហែងដល់សន្តិភាព សន្តិសុខតាមព្រំដែនរវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ទាំងមូល។ 

កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែង ជួយឱ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះត្រូវបានអនុវត្តដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យថៃបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។

ក្នុងនោះក្រសួងការពារជាតិកម្ពុជា ជំរុញឱ្យភាគីថៃ ត្រូវគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ មិនត្រឹមតែតាមរយៈពាក្យសម្តីប៉ុណ្ណោះទេ ទាំងសកម្មភាពជាកស្តែង និងបញ្ឈប់អំពើបង្កឱ្យមានអរិភាពទាំងឡាយ ដោយរុះរើលួសបន្លា និងដកគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា ដោយភាគីថៃមិនអាចយកលេសណាមួយមកបំភ្លៃការពិតបានឡើយ៕