
ភ្នំពេញ៖ នារសៀល ថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៥នេះ កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃ ដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នាបន្តទៀត។
ក្រសួងការពារជាតិ បានបញ្ជាក់ថា កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ អមដោយគ្រឿងចក្រធន់ធ្ងន់ ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំង ពីសំណាក់ កងកម្លាំងរបស់យើងយ៉ាងណាក៏ដោយ។
នៅថ្ងៃនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចាត់ទុកទង្វើទាំងនេះរបស់យោធាថៃជាការរំលោភបំពានយ៉ាងគឃ្លើន លើកិច្ចព្រមព្រៀងឈប់បាញ់ និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត ចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។
កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែង ជួយឱ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះត្រូវបានអនុវត្តដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យថៃបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា៕

