
ថៃ៖ គណៈរដ្ឋមន្ត្រីថៃ បានសម្រេចបើកភ្លើងខៀវដល់កងទ័ពអាកាសខ្លួន ដើម្បីទិញយន្តហោះចម្បាំង Gripen ចំនួន ៤ គ្រឿង ដែលមានតម្លៃ ១៩,៥ ពាន់លានបាត។
តាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃ បានឲ្យដឹងថា នៅថ្ងៃទី៥ សីហា នេះ ថៃមានការរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺ លោក Phumtham Wechayachai ដែលដើរតួជានាយករដ្ឋមន្ត្រីថៃបណ្ដោះអាសន្ន។ ក្នុងកិច្ចប្រជុំនេះដែរ គេរំពឹងថា លោក Phumtham Wechayachai នឹងពិចារណានូវដំណាក់កាលទី១ នៃការទិញយន្តហោះចម្បាំង JAS 39 Gripen ឬ Gripen E និង F ចំនួន ៤ ម៉ូដែល ពីស៊ុយអែត ដែលមានតម្លៃរហូតទៅដល់ ១៩.៥ ពាន់លានបាត។
ជុំវិញសំណើនេះ ត្រូវបានស្នើឡើងដោយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ គឺ ឧត្តមសេនីយ៍ Nattapol Nakphanit ក្នុងគោលបំណងដើម្បីបំពេញតម្រូវការរបស់កងទ័ពអាកាសថៃ (RTAF)។ ហើយសំណើរនេះ ត្រូវបានគណៈរដ្ឋមន្ត្រីថៃ សម្រេចយល់ព្រម។
ដោយដំណាក់កាលទី១ នៃការទិញ នឹងត្រូវបានចែកចាយនៅឆ្នាំ២០២៩ បន្ទាប់ពីយន្តហោះចម្បាំង F-16 ត្រូវបានបញ្ជូនមកជាបណ្តើរៗ។
ទាក់ទិននឹងការអនុម័តនេះ ទ័ពអាកាសថៃបានសន្និដ្ឋានថា ពួកគេនឹងទិញយន្តហោះចម្បាំង JAS 39 Gripen ដែលជាជំនាន់ចុងក្រោយ ឬម៉ូដែល Gripen E និង F ពីប្រទេសស៊ុយអែត ដែលមានតម្លៃទិញសរុបគឺ ៦០ ពាន់លានបាត ក្នុងចំណោមយន្តហោះ ២០ ម៉ូដែល ដែលពួកគេបានជ្រើសរើសរួច។
ហើយចំពោះការទិញនេះ នឹងធ្វើឡើងតាមរយៈការបណ្តាក់ទុនរួមគ្នារវាងរដ្ឋាភិបាលស៊ុយអែត និងថៃ (G2G)។
យ៉ាងណាវិញ យោងតាមការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសស៊ុយអែត ទៅកាន់ Breaking Defense កាលពីថ្ងៃទី ២៨ កក្កដា កន្លងទៅបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសស៊ុយអែត បានបញ្ជាក់ថា ខ្លួនមិនមានការយល់ព្រមលើការបញ្ជាទិញបន្ថែមនូវយន្តហោះចម្បាំង Gripens ពីថៃនោះទេ។
បន្ទាប់ពីការអះអាងបែបនេះពីរដ្ឋមន្ត្រីការបរទេសស៊ុយអែត សារព័ត៌មានស្រុកថៃ ក៏បានចេញមកច្រានចោលទាំងស្រុង និងបានបញ្ជាក់ថា មន្រ្តីស្ថានទូតស៊ុយអែតនៅទីក្រុងបាងកក បានប្រាប់ លោក Pravit Rojanaphruk ថា មិនមានលុបចោលការលក់យន្តហោះចម្បាំង Gripen ដូចដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ។
ប៉ុន្តែទោះបីជា មានការអះអាងពីខាងសារព័ត៌មានស្រុកថៃបែបនេះក៏ដោយ បើយោងតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងការបរទេសស៊ុយអែត បានបន្តប្រាប់ទៅកាន់ Breaking Defense ថា ខណៈនេះ រដ្ឋាភិបាលស៊ុយអែត កំពុងតាមដានការវិវឌ្ឍក្នុងជម្លោះព្រំដែនយ៉ាងដិតដល់រវាងកម្ពុជា-ថៃ។
ម្យ៉ាងវិញទៀត តាមបទប្បញ្ញត្តិគ្រប់គ្រងការនាំចេញសព្វាវុធរបស់ស៊ុយអែត គឺស្ថិតលើការសម្រេចរបស ISP លើការវាយតម្លៃពីបញ្ហាទាក់ទងនឹងកិច្ចព្រមព្រៀងទិញ-លក់សព្វាវុធ មុនពេលរដ្ឋាភិបាលធ្វើការសម្រេចចិត្តជាផ្លូវការ។
ក៏សូមបញ្ជាក់ដែរថា អំឡុងពេលនេះ គឺខាងគណៈរដ្ឋមន្ត្រីថៃប៉ុណ្ណោះ ដែលបានយល់ព្រមបើកភ្លើងខៀវដល់កងទ័ពអាកាសខ្លួន ដើម្បីទិញយន្តហោះចម្បាំង Gripen ខណៈដែលខាងស៊ុយអែត មិនទាន់បានចេញមកសម្រេចជាផ្លូវការនោះទេ ថាយល់ព្រមលក់ឲ្យថៃឬក៏អត់។
ព្រោះអំណាចនៃការសម្រេចស្ថិតលើ ISP និងរដ្ឋាភិបាលស៊ុយអែត ដែលកំពុងពិនិត្យកិច្ចព្រមព្រៀងទិញ-លក់ ជាមួយថៃយ៉ាងដិតដល់ ដោយមិនទាន់ចេញមកបញ្ជាក់ថាយល់ព្រមលក់ ឬបដិសេធមិនលក់ឲ្យថៃនោះទេ៕

