2025-08-05 11:56
27

វ៉ាស៊ីនតោន៖ តាមការរាយការណ៍ពីភ្នាក់ងារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី៥ សីហា នេះបានឲ្យដឹងថា កាលពីថ្ងៃទី៤ សីហា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធលើទំនិញពីប្រទេសឥណ្ឌាម្ដងទៀត ជុំវិញការទិញប្រេងពីរុស្ស៊ី ខណៈទីក្រុងញូវដែលីបានហៅការគម្រាមរបស់ ត្រាំ ថា "មិនសមហេតុផល" ។

នៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Trump បានសរសេរថា "ឥណ្ឌាមិនត្រឹមតែទិញប្រេងរុស្សីក្នុងបរិមាណដ៏ច្រើននោះទេ ពួកគេក៏ទិញប្រេងច្រើនដែរ ហើយលក់វានៅលើទីផ្សារបើកចំហដើម្បីទទួលបានប្រាក់ចំណេញច្រើន។ ពួកគេមិនខ្វល់ថាមានមនុស្សប៉ុន្មាននាក់នៅអ៊ុយក្រែនត្រូវបានសម្លាប់ដោយសង្រ្គាមរុស្ស៊ីនោះទេ។"

ត្រាំ បានបន្ថែមថា៖ «ដោយសារតែបញ្ហានេះ ខ្ញុំនឹងត្រូវដំឡើងពន្ធយ៉ាងច្រើនដែលឥណ្ឌាបង់ទៅឲ្យសហរដ្ឋអាមេរិក។»

ក្រោយការបង្ហោះគម្រាមរបស់ ត្រាំ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បាននិយាយឆ្លើយតបវិញថា ឥណ្ឌានឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារផលប្រយោជន៍ជាតិ និងសន្តិសុខសេដ្ឋកិច្ចរបស់ខ្លួន។

គួរឲ្យដឹងថា លោក Trump បាននិយាយថា ចាប់ពីថ្ងៃសុក្រ លោកនឹងដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ក៏ដូចជាប្រទេសដែលទិញការនាំចេញថាមពលរបស់ប្រទេសនេះ លុះត្រាតែទីក្រុងម៉ូស្គូយល់ព្រមដើម្បីបញ្ចប់សង្រ្គាមរបស់ខ្លួនជាមួយអ៊ុយក្រែន។

សូមបញ្ជាក់ថា នៅចុងសប្តាហ៍នេះ តាមប្រភពពីរដ្ឋាភិបាលឥណ្ឌាចំនួនពីរបានប្រាប់ Reuters ថា ឥណ្ឌានឹងបន្តទិញប្រេងពីរុស្ស៊ីបន្ថែមទៀត បើទោះបីជាមានការគំរាមកំហែងពីលោក Trump យ៉ាងណាក៏ដោយ៕