
កាសែតថៃ The Nation Thailand បានចេញផ្សាយនៅថ្ងៃទី០៥ សីហា នេះថា ៖ ក្មួយរបស់លោក ថាក់ស៊ិន អ្នកស្រី Chayika Wongnapachant ទីប្រឹក្សារបស់រដ្ឋមន្រ្តីក្រសួងការបរទេសថៃ និងជាក្មួយស្រីរបស់អតីតនាយករដ្ឋមន្រ្តីថៃ បានដាក់ពាក្យប្តឹងទៅប៉ូលិស នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីមានការចោទប្រកាន់រឿងមិនពិតនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា អ្នកស្រីជាចារកម្មរបស់កម្ពុជានោះ។ ក្មួយស្រីរបស់លោកថាក់ស៊ីនរូបនេះ បានបង្ហោះរូបភាព និងរបាយការណ៍របស់ប៉ូលិសដោយបញ្ជាក់ថា មានអ្នកចែករំលែករូបថតរបស់អ្នកស្រី អមដោយចំណងជើងមិនពិត ដោយចោទប្រកាន់ថា អ្នកស្រី គឺជាចារកម្ម ដែលធ្វើការឱ្យប្រទេសកម្ពុជា ។ ការបង្ហោះនេះត្រូវបានចែកចាយយ៉ាងព្រោងពា្រត នៅលើបណ្តាញសង្គម Facebook និង Twitter (X) ។
អ្នកស្រីបានប្រើប្រាស់វិធានការផ្លូវច្បាប់ ដោយដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ហើយត្រូវស៊ើបអង្កេតរឿងនេះ។ អ្នកស្រីChayika បញ្ជាក់ថា ពាក្យបណ្តឹងនេះមិនត្រឹមតែ ចំពោះអ្នកដែលបង្ហោះរូបភាព និងសារបង្កាច់បង្ខូចប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះអ្នកដែលចែករំលែក ឬបញ្ចេញមតិផងដែរ ព្រោះវាបានបង្កគ្រោះថ្នាក់ដល់រូបអ្នកស្រីផ្ទាល់ និងគ្រួសាររបស់អ្នកស្រីផងដែរ។ អ្នកស្រីChayika បានសង្កត់ធ្ងន់ថា ទាំងអ្នកស្រីនិងក្រុមគ្រួសារ គឺជាជនជាតិថៃ ដែលស្រឡាញ់និងគោរពប្រទេសជាតិ សាសនា និងព្រះមហាក្សត្រ ហើយស្នេហាជាតិ។ អ្នកស្រីអំពាវនាវរកយុត្តិធម៌ពីសង្គម ដោយអះអាងថា «ខ្ញុំស្មើសុំយុត្តិធម៌ពីសាធារណជន»។
អ្នកស្រី Chayika បានបញ្ជាក់ថា អ្នកស្រីមិនដែលមានទំនាក់ទំនងជាមួយប្រទេសកម្ពុជាទេ ដោយបញ្ជាក់ដូច្នេះថា «ខ្ញុំមិនដែលមានទំនាក់ទំនងជាមួយជនជាតិខ្មែរទេ»។ អ្នកស្រីបានលាតត្រដាងរឿងផ្ទាល់ខ្លួនមួយចំនួនថា អ្នកស្រីជាស្រ្តីមេម៉ាយរយៈពេល៥ឆ្នាំមកហើយ ហើយមិនដែលរៀបការជាមួយជនជាតិខ្មែរឡើយ។ ចំណែកបងប្អូនជីដូនមួយរបស់អ្នកស្រីម្នាក់ ធ្លាប់រៀបការជាមួយជនជាតិខ្មែរ ប៉ុន្តែពួកគេបានលែងលះគ្នាជាង ៥ ឆ្នាំមកហើយដែរ។ អ្នកស្រីបញ្ជាក់បន្ថែមថា គ្មាននរណាម្នាក់ក្នុងគ្រួសាររបស់រអ្នកស្រី មានទំនាក់ទំនងបន្តជាមួយប្រទេសកម្ពុជាទេ៕