
នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim ក្នុងនាមប្រធានអាស៊ានប្តូរវេន នារសៀលថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥នេះ លោកបានជួបសន្ទនាតាមទូរសព្ទជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទី នៃប្រទេសថៃ ដើម្បីពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន ទាក់ទងនឹងបទឈប់បាញ់កម្ពុជា-ថៃ។
កិច្ចសន្ទនាតាមទូរសព្ទខាងលើ ត្រូវបានលោកនាយករដ្ឋមន្ត្រី Anwar Ibrahim ប្រកាសឱ្យដឹងតាមរយៈគណនី Facebook ផ្លូវការរបស់លោកផ្ទាល់របស់លោក នៅរសៀលថ្ងៃអង្គារនេះ។
នៅក្នុងការពិភាក្សារនេះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ថា៖ «យើងក៏បានសង្កត់ធ្ងន់បន្ថែមលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) ដែលបន្តតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅព្រំដែនកម្ពុជា-ថៃដោយផ្ទាល់។ បន្ថែមពីលើការពិនិត្យមើលនូវគំនិតផ្តួចផ្តើមមួយចំនួនផ្សេងទៀត ដែលអាចផ្លាស់ប្តូរឆ្ពោះទៅរកការពង្រឹងប្រតិបត្តិការត្រួតពិនិត្យបទឈប់បាញ់»។
លើសពីនេះ ភាគីទាំងពីរកម្ពុជា និងថៃ បានលើពិភាក្សាគ្នាអំពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅថៃ-កម្ពុជា (GBC) ដែលនឹងកោះប្រជុំនៅខែក្រោយ៕

