
ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានលើកឡើងនៅថ្ងៃទី១៩ ខែសីហានេះថា យើងកំពុងឈរលើប្រៀបឈ្នះសមរភូមិ ទាំងយោធា នយោបាយ ការទូត និងច្បាប់អន្តរជាតិ…ដោយភាពចាស់ទំ ស៊ីវិល័យ «អត់ធ្មត់» ក្នុងស្មារតីសាមគ្គីគ្រប់និន្នាការទាំងក្នុង និងក្រៅប្រទេស ឈរលើក្របខ័ណ្ឌវិន័យ សីលធម៌មនុស្សជាតិជឿនលឿន។
លោកបានបន្ថែមទៀតថា យើងបន្ត «អត់ធ្មត់» បន្តិចទៀត យើងបន្ត «សាមគ្គី» គ្រប់ទិសទីដង្ហើយរកសន្តិភាព យុត្តិធម៌ និងគាំទ្ររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ វីរយុទ្ធជនដ៏អង់អាចជាញជ័យរបស់យើង។ យើងឈរក្នុងជួរតែមួយ យ៉ាងត្រង់ ដោយអ្នកឈរខាងមុខចាប់ដៃគ្នាពីជួរមួយទៅជួរមួយ។ អ្នកឈរពីក្រោយបន្តបន្ទាប់ ដាក់ដៃលើស្មារគ្នាភ្នែកមើលកញ្ចឹងកគ្នា ត្រង់ដូចបន្ទាត់រត់ជួររមិញ ដូចយើងឈរគោរពទង់ជាតិមុនចូលរៀន និងមុនចេញទៅផ្ទះ ឈ្មោះថាយើងរឹងមាំ និងឈ្នះជាប្រាកដ តាមសុភាសិតខ្មែរ [ចង្កឹះមួយបាច់កាច់មិនបាក់]»។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា យើងនឹងកត់ត្រាគ្រប់រឿងរ៉ាវនៃការឈ្លានរបស់ថៃ ក្នុងសៀវភៅ «កម្ពុជាឈ្នះថៃសម័យតេជោធិបតី» ទុកសិក្សាស្រាវជ្រាវសម្រាប់អ្នកជំនាន់ក្រោយ និងជាមេរៀនពិសោធន៍ ធ្វើជាមូលដ្ឋានពង្រីកយុទ្ធសាស្ត្រតទល់នឹងបច្ចាមិត្តនាពេលណាៗទៀត៕
