2025-09-03 16:05
34

ចិន៖      ភ្ញាក់ផ្អើលបំផុត! ខណៈដែលប្រទេសចិនសម្ងែងអាវុធប្រល័យលោកដ៏មានឥទ្ធិលបំផុតរបស់ខ្លួន ប្រភេទមីស៊ីលផ្លោងអន្តរទ្វីប DF-5C ថ្មីរបស់ខ្លួន ក្នុងក្បួនព្យុហយាត្រាយោធានៅទីក្រុងប៉េកាំង នៅថ្ងៃពុធទី៣ ខែកញ្ញា ដើម្បីប្រារព្ធខួបលើកទី80 នៃជ័យជំនះក្នុងសង្គ្រាមលោកលើកទី២ នៃការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក ។ 

មីស៊ីលផ្លោងអន្តរទ្វីប DF-5C មានសមត្ថភាពអាចបាញ់បានរយៈចង្ងាយប៉ាន់ស្មានជាង 20,000 គីឡូម៉ែត្រ  បាញ់ចំគោលដៅច្បាស់ៗ និងអាចបាញ់ទៅដល់ពិភពលោកទាំងមូលផងដែរ។ មីស៊ីលផ្លោងអន្តរទ្វីប DF-5C សេរីនេះ ត្រូវបានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យានុយក្លេអ៊ែរចុងក្រោយ និងបទពិសោធន៍ក្នុងការអភិវឌ្ឍន៍មីស៊ីលស៊េរី DF ជំនាន់មុនរបស់ចិន  រួមទាំងDF-5 និង DF-41  ។ នេះយោងតាមការចេញផ្សាយរបស់ឌីហ្វេនមីរ័រ។ 

លក្ខណៈពិសេសមីស៊ីលផ្លោងអន្តរទ្វីប DF-5C ៖   រូបរាងរបស់វាត្រូវបានប្តូររចនាសម្ព័ន្ធថ្មី ការបាញ់បង្ហោះប្រើរយៈពេលខ្លីជាងមីស៊ីលផ្លោងស៊េរី DF-5 សេរីមុនៗ ជាមួយនឹងល្បឿនឆ្លើយតបលឿនជាងមុន។  វាមានសមត្ថភាពបើកការវាយលុកលើគោលដៅយោធាណាមួយក្នុងពិភពលោក ដែលបង្កការគំរាមកំហែងនុយក្លេអ៊ែរពិតប្រាកដដល់ប្រទេសចិន។  DF-5C ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា MIRV  និងអាចបាញ់បានច្រើនគ្រាប់ក្នុងពេលតែមួយ ដោយក្បាលគ្រាប់នីមួយៗបាញ់ទៅរកគោលដៅខុសៗគ្នា លក្ខណៈពិសេសនេះធ្វើឲ្យប្រព័ន្ធការពារមីស៊ីលពិបាកក្នុងការស្ទាក់ចាប់មីស៊ីល DF-5C ខ្លាំងណាស់។  លក្ខណៈពិសេសរបស់ DF-5C  សមត្ថភាពបាញ់ចំគោលដៅរបស់វា មានភាពលំអៀងតិចតួចបំផុតពីគោលដៅដែលបានតំណត់ មានន័យថាទោះបីជាការវាយប្រហារចេញពីគោលដៅចម្ងាយ 20,000 គីឡូម៉ែត្រក៏ដោយ វាអាចមានភាពជាក់លាក់ស្រដៀងគ្នានៃកាំជ្រួចរយៈចម្ងាយខ្លី និងមធ្យមស៊េរី  DF  ។

មីស៊ីលយុទ្ធសាស្ត្រ គឺជាអាវុធដ៏សំខាន់សម្រាប់ប្រទេសមហាអំណាច និងជាមធ្យោបាយដ៏សំខាន់ក្នុងការការពារសន្តិសុខជាតិ។ ខណៈដែលអាវុធវាយប្រហារ នុយក្លេអ៊ែរយុទ្ធសាស្ត្រប្រភេទថ្មីជាច្រើន រួមទាំង DF-5C ត្រូវបានដាក់តាំងបង្ហាញយ៉ាងទូលំទូលាយ ក្នុងក្បួនដង្ហែរព្យុហយាត្រាយោធានៅទីក្រុងបេកាំងនោះ វាស្របទៅនឹងយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ចិន។

ចិនតែងតែប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រនុយក្លេអ៊ែ ក្នុងគោលបំណងរារាំងប្រទេសផ្សេងទៀតពីការប្រើប្រាស់ ឬក៏គម្រាមកំហែង ដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំង នឹងប្រទេសចិន និងធានាសន្តិសុខជាយុទ្ធសាស្ត្រជាតិ។ ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលនយោបាយនុយក្លេអ៊ែរ   ជាប្រទេសដំបូងគេមិនប្រើប្រាស់ឬគម្រាមដោយ អាវុធនុយក្លេអ៊ែរប្រឆាំងនឹងរដ្ឋគ្មានអាវុធនុយក្លេអ៊ែរនោះឡើយ។ ប្រទេសចិនតស៊ូមតិសម្រាប់ការហាមឃាត់ទាំងស្រុង និងការរំសាយអាវុធនុយក្លេអ៊ែរឱ្យបានហ្មត់ចត់ នឹងមិនចូលរួមក្នុងការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរជាមួយប្រទេសណាមួយឡើយ ហើយនឹងតែងតែរក្សាកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួននៅកម្រិតទាបបំផុត ដែលចាំបាច់សម្រាប់សន្តិសុខជាតិ។

ការដាក់បង្ហាញមីស៊ីលផ្លោងអន្តរទ្វីប នឹងប្រព័ន្ធនុយក្លេអ៊ែរផ្សេងៗទៀតរបស់ចិន ដោយសង្កត់ធ្ងន់លើគោលនយោបាយនៃការរារាំងការពាររបស់ខ្លួន  និងការដាស់តឿនប្រាប់ប្រជាជនចិនកុំឱ្យភ្លេចប្រវត្តិសាស្ត្រ និងកុំឱ្យព្រងើយកន្តើយនឹងការគំរាមកំហែងពិតប្រាកដ។ ស្ថានភាពសន្តិសុខដែលចិនកំពុងប្រឈមមុខ គឺនៅតែស្មុគស្មាញនិងធ្ងន់ធ្ងរ។ ហើយក្បួនដង្ហែនេះក៏ជាបង្ហាញឱ្យឃើញថា មធ្យោបាយយោធារបស់ប្រទេសចិនក្នុងការទប់ទល់ នឹងការគំរាមកំហែងពីខាងក្រៅកំពុងអភិវឌ្ឍ និងរីកចម្រើនឥតឈប់ឈរ៕