
នេប៉ាល់៖ ប្រធានាធិបតីប្រទេសនេប៉ាល បានសម្រេចតែងតាំង លោកស្រី Sushila Karki អតីតប្រធានតុលាការកំពូល ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ននេប៉ាល់។
ការប្រកាសនេះ បានធ្វើឡើងកាលពីថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ នេះ បន្ទាប់ពីភាពចលាចល ការតវ៉ា និងអំពើហិង្សាបានបង្ខំឲ្យនាយករដ្ឋមន្ត្រី Khadga Prasad Oli បានលាលែងពីតំណែង។
លោក Ram Chandra Poudel ប្រធានាធិបតី បានប្រកាសអំពីការំលាយសភាចោល និងបានកំណត់ការបោះឆ្នោតថ្មីដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។
សូមជម្រាបថា ការតវ៉ាឈានដល់ការប្រើអំពើហិង្សាបានកើតមានជាច្រើនថ្ងៃ នៅក្នុងទីក្រុង Kathmandu ក្រោយពីរដ្ឋាភិបាលនេប៉ាល់ បានដាក់ចេញការហាមឃាត់ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម រួមមាន៖ Facebook, បណ្តាញ X, YouTube និងបណ្តាញសង្គមផ្សេងៗទៀត។
ចលនានៃការតវ៉ានេះ ត្រូវបានដាក់ឈ្មោះថា ការតវ៉ា «Gen Z» បានក្លាយទៅជាកំហឹងយ៉ាងខ្លាំងក្លាពាសពេញទីក្រុង ដោយក្រុមបាតុករបានដុតអគារសភា លំនៅដ្ឋានប្រធានាធិបតី និងទីតាំងពាណិជ្ជ និងអាជីវកម្មមួយចំនួនផងដែរ៕
