
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ថា អគ្គិភ័យមួយបានឆាបឆេះរោងចក្រចម្រាញ់ប្រេង Kirishi នៅភាគពាយព្យរបស់ប្រទេសរុស្ស៊ី ដែលជាកន្លែងធំបំផុតមួយរបស់ប្រទេសនេះ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក បានធ្លាក់កម្ទេចកម្ទីនៃបំណែកខ្លះពីយន្តហោះនោះទៅលើរោងចក្រចម្រាញ់ប្រេងខាងលើ។ នេះបើតាមការបញ្ជាក់ពី លោក Alexander Drozdenko អភិបាលនៃតំបន់ Leningrad បាននិយាយនៅថ្ងៃអាទិត្យនេះ។
ក្នុងហេតុការណ៍នេះដែរ មិនបានបណ្ដាលឲ្យនរណាម្នាក់រងរបួស ឬបាត់បង់ជីវិតឡើយ។
គួរបញ្ជាក់ថា រោងចក្រ Kirishinefteorgsintez គឺជារោងចក្រចម្រាញ់ប្រេងមួយក្នុងចំណោមរោងចក្រចម្រាញ់កំពូលពីរនៅក្នុងប្រទេសរុស្ស៊ី។
ដោយវាអាចចម្រាញ់ប្រេងប្រហែល 17,7 លានតោនក្នុងមួយឆ្នាំ (355,000 បារ៉ែលក្នុងមួយថ្ងៃ) នៃប្រេងឆៅរុស្ស៊ី ឬ 6.4% នៃចំនួនសរុបរបស់ប្រទេសនេះ៕
