2025-10-03 13:19
6

មេបញ្ជាការភូមិភាគទី១ របស់ថៃ ដែលទើបឡើងកាន់តំណែងថ្មីៗនេះ បានស្នើសុំឱ្យពន្យារពេលចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់ (RBC) រវាងកម្ពុជា-ថៃ តាមការអញ្ជើញរបស់ភាគីកម្ពុជា ដោយបានបញ្ជាក់មូលហេតុថា៖ «ប្រសិនបើមិនមានការពិភាក្សាស្តីពីផែនការជម្លៀសប្រជាជនខ្មែរ ដែលរស់ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រោះ ខេត្តបន្ទាយមានជ័យ ដែលថៃចោទថា បានរស់នៅលើទឹកដីរបស់ខ្លួន ក្នុងភូមិ Ban Nong Chan និងភូមិ Ban Nong Ya Kaew នោះទេ»។

នៅថ្ងៃទី០៣ ខែតុលានេះ កាសែតថៃ បានចុះផ្សាយ កងទ័ពភូមិភាគទី១ បានទទួលលិខិតអញ្ជើញពីកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់ (RBC) នៅថ្ងៃទី១០ ដល់ទី១២ ខែតុលា ខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅខេត្តបន្ទាយមានជ័យ។ ក្នុងកិច្ចប្រជុំគ RBC កម្ពុជាបានបញ្ជាក់អំពីគោលបំណង គឺដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់ រវាងកម្ពុជា និងថៃ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

កាសែតថៃ បានសរសេរថា លោក Worayos Luangsuwan មេបញ្ជការភូមិទី១ថៃ បានផ្ញើលិខិតឆ្លើយតបផ្លូវការរួចហើយទៅឱ្យកម្ពុជា ដោយបានបញ្ជាក់ថា៖ «ប្រសិនបើរបៀបវារៈនៃកិច្ចប្រជុំ RBC នៅថ្ងៃទី ១០ដល់១២ ខែតុលា មិនរួមបញ្ចូលការពិភាក្សាអំពីផែនការជម្លៀសប្រជាជនកម្ពុជា ចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ (ដែលថៃអះអាងថាជាដែនអធិបតេយ្យរបស់ខ្លួនស្ថិតក្នុងខេត្តស្រះកែវ) ទេនោះទេ កិច្ចប្រជុំគួរតែត្រូវបានពន្យារពេល រហូតទាល់តែកម្ពុជាលើកយកបញ្ហានេះមកពិភាក្សា»។

សូមជម្រាបថា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ថាយោធភូមិភាគទី៥ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិតអញ្ជើញរួចហើយទៅកងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ 

អ្នកនាំពាក្យបានបន្ថែមថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នេះមានគោលបំណង ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ ប៉ុន្តែពេលនេះ ត្រូវបានភាគីថៃ សុំពន្យាពេលចូលរួមកិច្ចប្រជុំនេះ ក្រោយហេតុគួរឱ្យអស់សំណើច និងមិនបានកំណត់ពេលវេលាច្បាស់លាស់ឡើយ៕