2025-10-03 16:51
7

ថៃ៖ តុលាការព្រហ្មទណ្ឌនៅប្រទេសថៃ បានកាត់ទោសជនសង្ស័យម្នាក់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងបង្គាប់ឱ្យជនសង្ស័យបង់ប្រាក់សំណង ចំនួន ១.៧៩ លានបាត ដល់គ្រួសាររបស់ជនរងគ្រោះ ពីបទ៖ «ឃាតកម្មគិតទុកជាមុន» លើលោក លឹម គឹមយ៉ា ដែលជាអតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ។ 

ចំណែកជនសង្ស័យម្នាក់ទៀត ជាអ្នកបើកបររថយន្តតាក់ស៊ីដែលបានដឹកជនសង្ស័យក្នុងពេលរត់គេចខ្លួនក្រោយពេលកើយហេតុ ត្រូវបានតុលាការលើកលែងទោស ដោយសារកង្វះភស្តុតាងថាគាត់ដឹងអំពីឧក្រិដ្ឋកម្ម ឬមានបំណងជួយជនសង្ស័យឱ្យគេចពីការចាប់ខ្លួននោះឡើយ។

ជនជាប់ចោទក្នុងករណីឃាតកម្មនេះ មានឈ្មោះ អេកាឡាក់ ភាណយ (Ekkalak Pheanou) ដែលត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជាចាប់ខ្លួន នៅខេត្តបាត់ដំបង នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នេះ បន្ទាប់ពីធ្វើសកម្មភាពបានមួយថ្ងៃ ក្រោយរត់គេចចេញពីប្រទេសថៃចូលមកខេត្តជាប់ព្រំដែននៃកម្ពុជា។ ក្រោយការចាប់ខ្លួនសមត្ថកិច្ចកម្ពុជា បានចាត់បញ្ជូនជនសង្ស័យនេះ ទៅឱ្យសមត្ថកិច្ចនៃប្រទេសថៃ តាមការស្នើសុំរបស់ភាគីថៃ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈបទល្មើសនេះ បានកើតឡើងនៅក្នុងទឹកដីនៃប្រទេសថៃផ្ទាល់។

សូមជម្រាបថា លោក លឹម គឹមយ៉ា កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង អតីតតំណាងរាស្ត្របក្សប្រឆាំង ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅវេលាម៉ោង ១៧និង៤៥នាទី នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅចំណុច ផ្លូវ Khao San សង្កាត់ប៊ូរិន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ៕