
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះចុះប្រតិបត្តិការការពិនិត្យឃ្លាំងស្តុកទំនិញរបស់ ចែទូច ដែលមានងារជា «ឧកញ៉ា» មានប្តីជាស្នងការនគរបាលខេត្តជាប់ព្រំដែន បានរកឃើញសាច់បង្កកក្លាសេរាប់សិបតោន ខណៈមន្ត្រីជំនាញថា «បង់ពន្ធត្រឹមត្រូវ និងគ្មានផ្ទុកសារធាតុគីមី»។
ទីតាំងឃ្លាំងស្ដុកទំនិញដែលសមត្ថកិច្ចចុះប្រតិបត្តិការត្រួតពិនិត្យ និងឆែកឆេរ របស់ក្រុមហ៊ុន អ៊ឹម សុផាន់ណារិទ្ធ អ៊ឹមផត អ៊ិចផត របស់លោកស្រីឧកញ៉ា អ៊ឹម សុផាន់ណារិទ្ធ ហៅ «ចែទូច» រកឃើញសាច់បង្កកក្លាសេ រួមមាន៖ ជង្គង់មាន់, ស្លាបមាន់, ជើងមាន់, ក្បាលទា និងគ្រឿងក្នុងជ្រូក រាប់សិបតោន ដែលនាំចូលមកពីប្រទេសថៃ វៀតណាម និងប្រទេសឡាវ ចូលមកស្តុកទុក និងចែកចាយតាមទីផ្សារនានាទូទាំងប្រទេស។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា រាល់មុខទំនិញដែលរកឃើញក្នុងឃ្លាំងនោះ ត្រូវបានបង់ពន្ធគយនាំចូលត្រឹមត្រូវស្របតាមច្បាប់។ រីឯមន្រ្តីជំនាញ ក.ប.ប. បានធ្វើការដកយកសំណាកគំរូមកវិភាគនៅនឹងកន្លែងជាមួយមន្ទីរពិសោធន៍ចល័តស្វែងរកសារធាតុគីមីហាមឃាត់តាមរយៈប្រតិករគីមី (Test Kit) ជាលទ្ធផល មិនមានការកំណត់ឃើញសញ្ញាណសារធាតុគីមី (FORMALIN) ហាមឃាត់ឡើយ។
មន្ត្រីជំនាញបានបន្តយកសំណាកគំរូ ចំនួន ៣៣ មុខ ដើម្បីបន្តវិភាគរកម៉ែក្រូជីវសាស្ត្រក្នុងម្ហូបអាហារ និងសម្រេចធ្វើការបិទសៀល ឃ្លាំងផ្អាកដំណើរការចែកចាយ និងលក់ដូរជាបណ្តោះអាសន្ន ដើម្បីរង់ចាំលទ្ធផលបញ្ជាក់ជាផ្លូវការពីមន្ទីរពិសោធន៍របស់អគ្គ នាយកដ្ឋាន ក.ប.ប. បន្ថែមទៀត។
សូមជម្រាបថា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចចម្រុះបានចុះឡោមព័ទ្ធទីតាំងឃ្លាំងស្តុកទំនិញ របស់ក្រុមហ៊ុន អ៊ឹម សុផាន់ណារិទ្ធ អ៊ឹមផត អ៊ិចផត ឯក នៅចំណុច ផ្ទះលេខ ១៣២ ផ្លូវបេតុង ក្នុងភូមិទី៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ចំពោះម្ចាស់ទីតាំងនាំចូលទំនិញដ៏ធំនេះ ត្រូវបានមហាជនស្គាល់ថា ជារបស់លោកស្រីឧកញ៉ា អ៊ឹម សុផាន់ណារិទ្ធ ហៅ «ចែទូច» ដែលមានប្តីមន្ត្រីនគរបាលឋានន្តស័ក្កិ «ថ្នាក់ឧត្តមសេនីយ៍ទោ» ជាស្នងការខេត្តមួយនៅជាប់ព្រំដែនប្រទេសថៃ៕



