2025-10-15 10:10
4

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Ayako Inagaki នាយិកាជាន់ខ្ពស់ នៃការិយាល័យអភិវឌ្ឍន៍មនុស្ស និងសង្គមនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពលើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

លោករដ្ឋមន្ត្រីក្រសួងការងារ បានគូសបញ្ជាក់ពីភាពចាំបាច់នៃកិច្ចសហការដ៏ស្អិតរមួតរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការចូលរួមដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនកម្ពុជា។

ជាមួយគ្នានេះ លោក ហេង សួរ ក៏បានលើកពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលបាននិងកំពុងផ្តល់ជំនាញដល់ពលរដ្ឋកម្ពុជា ក៏ដូចជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ  និងជាពិសេសបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីថៃ ឱ្យមានជំនាញបច្ចេកទេស ដែលស្របទៅតាមបរិបទទីផ្សារការងារនាពេលបច្ចុប្បន្ន និងពេលអនាគត ដែលបាននិងកំពុងរក្សាលំនឹងជីវភាពគ្រួសារ និងការកែប្រែជីវភាពឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈឱកាសការងារសមរម្យ។

ជាការឆ្លើយតប លោកស្រី Ayako Inagaki នាយិកាជាន់ខ្ពស់ នៃការិយាល័យអភិវឌ្ឍន៍មនុស្ស និងសង្គមនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រីចំពោះជំនួប ដែលបានផ្តល់ឱកាសដល់ភាគីទាំងពីរអាចពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានធ្វើកន្លងមក ដើម្បីនឹងបន្តកំណត់សម្រេចនូវគោលដៅបន្ថែមទៀតការជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ 

ទន្ទឹមគ្នានេះ លោកស្រី ក៏បានអបអរសាទរ និងថ្លែងកោតសរសើរអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសន្យាថា នឹងបន្តបើកទូលាយទទួលនូវរាល់សំណូមពរ និងប្តេជ្ញានឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចឱ្យបាននូវការធ្វើពិពិធកម្មពីសេដ្ឋកិច្ចទីផ្សារអតិពលកម្ម  ទៅជាសេដ្ឋកិច្ចទីផ្សារដែលផ្អែកលើជំនាញបច្ចេកទេស និងបច្ចេកវិទ្យា៕