
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Vorapak Tanyawong ត្រូវចោទថា ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនបោកប្រាស់តាមប្រព័ន្ធអនាញ ឬហៅថា «scammers» ប៉ុន្តែត្រូវបានលោកបដិសេធថា មិនមានការពាក់ព័ន្ធ គឺជាការចោទប្រកាន់មិនពិតទាំងស្រុង។
ការចោទប្រកាន់ដែលត្រូវបានរាយការណ៍ដោយ ក្រុមហ៊ុន Whale Hunting បានអះអាងថា «Vorapak បានទទួលសំណូក Cryptocurrency ចំនួន ៣ លានដុល្លារអាមេរិល ពីបណ្តាញមជ្ឈមណ្ឌលបោកប្រាស់ ដែលត្រូវបានគេរាយការណ៍ថា បានភ្ជាប់ទៅប្រពន្ធរបស់គាត់ ហើយត្រូវបានគេចោទប្រកាន់ថា មានទំនាក់ទំនងជាមួយបណ្តាញឧក្រិដ្ឋជនរបស់ Benjamin Mauerberger ដែលជាអ្នកប្រយុទ្ធជនជាតិអាហ្វ្រិកខាងត្បូងសម្រាប់ឥស្សរជនអាស៊ីអាគ្នេយ៍ ដែលត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធជាមួយបណ្តាញមជ្ឈមណ្ឌល Scam ផងដែរ»។
លោក Vorapak បានបញ្ជាក់ថា របាយនោះមិនពិតទាំងស្រុងទេ ហើយខ្លួនមិនដែលពាក់ព័ន្ធជាមួយសកម្មភាពបោកប្រាស់ ឬមានគណនីហិរញ្ញវត្ថុណាមួយដែលពាក់ព័ន្ធនឹងក្រុមនោះឡើយ។ លោកបន្ថែមថា ពេលនេះរដ្ឋាភិបាលកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច និងសន្តិសុខហិរញ្ញវត្ថុជាច្រើន ដែលតម្រូវឲ្យមានការងារយ៉ាងតឹងរឹង និងការសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នអន្តរជាតិ។
លោក Vorapak បានបដិសេធការអះអាងថា «គាត់ និងប្រពន្ធរបស់គាត់បានចូលរួមក្នុងប្រតិបត្តិការឆបោកអន្តរជាតិ ដោយសង្កត់ធ្ងន់ថា ប្រពន្ធរបស់លោកមិនដែលកាន់គណនី Cryptocurrency ណាមួយឡើយ បើទោះបីជាថ្មីៗនេះ មានការចោទប្រកាន់ថា បានទទួលសំណូកនៅក្នុង Crypto ទៅវិញ»។
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បាននិយាយថា ការចោទប្រកាន់ដែលលេចឡើងតាមបណ្តាញសង្គមជាប្រភេទព័ត៌មានមិនពិត ដែលបង្កការយល់ច្រឡំដល់សាធារណជន។ លោកសូមឲ្យប្រជាពលរដ្ឋជឿលើព័ត៌មានពីប្រភពផ្លូវការ និងមិនគួរព្រួយបារម្ភចំពោះការផ្សាយដំណឹងគ្មានភស្តុតាងនោះឡើយ។
លោក Vorapak បានថ្លែងបញ្ជាក់ថា «លោកមានបំណងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ»។
សូមរំឭកថា លោក អនុទីន ចានវីរៈគុល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃអង្គារ ទី២១ ខែតុលា ម្សិលមិញ បានបញ្ជាឲ្យអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Vorapak Tanyawong ដាក់លិខិតបំភ្លឺជាលាយលក្ខណ៍អក្សរមួយ បន្ទាប់ពីមានសេចក្តីរាយការណ៍ ភ្ជាប់អនុរដ្ឋមន្រ្តីរូបនេះ និងប្រពន្ធមានជាប់ពាក់ព័ន្ធទៅនឹងប្រតិបត្តិការឆបោកអនឡាញ។
នៅពេលក្រុមអ្នកកាសែតសួរថាតើការចោទប្រកាន់ដែលពាក់ព័ន្ធនឹងសមាជិកគណៈរដ្ឋមន្ត្រីអាចប៉ះពាល់ដល់ស្ថិរភាពរដ្ឋាភិបាលឬទេ? លោក អនុទីន បានឆ្លើយថា «ប្រសិនបើនរណាម្នាក់ត្រូវបានរកឃើញថាមានកំហុស យើងនឹងចាត់វិធានការភ្លាមៗ»៕

