2025-10-21 14:06
14

ថៃ៖ នៅវិមានរដ្ឋាភិបាល ឧត្តមសេនីយឯក Adul Bunthamcharoen អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្តល់បទសម្ភាសន៍ទាក់ទងនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលបច្ចុប្បន្ន កំពុងពិភាក្សានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។ នេះបើតាមការចេញផ្សាយដោយ Khaosod នៅថ្ងៃទី២១ តុលា ឆ្នាំ២០២៥ នេះ។

ឧត្តមសេនីយឯកខាងលើ បន្តថា បច្ចុប្បន្នថៃកំពុងរង់ចាំកម្ពុជាដើម្បីទទួលយកលក្ខខណ្ឌរបស់ប្រទេសថៃទាំងពីរកិច្ចប្រជុំ ទាំង GBC និងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC)។ 

នៅពេលសួរថា តើកម្ពុជាត្រូវទទួលយកសំណើទាំង ៤ របស់ប្រទេសថៃទេ? 

ឧត្តមសេនីយឯក អាឌុល លើកឡើងថា “គ្រប់គ្នាកំពុងរង់ចាំចម្លើយ ហើយការរំពឹងទុកគឺកម្ពុជាត្រូវតែសហការ ប៉ុន្តែប្រសិនបើមិនសហការ យើងមានភាពស្របច្បាប់ក្នុងការការពារអធិបតេយ្យភាពរបស់យើង”។

នៅពេលត្រូវបានសួរបន្ថែមថា តើការការពារអធិបតេយ្យភាពនឹងត្រូវធ្វើបែបណានោះ ឧត្តមសេនីយ៍ឯក អាឌុល មិនបានឆ្លើយសំណួរនោះទេ រួចក៏បានដើរភ្លាមៗទៅកាន់អគារបញ្ជាការ ដើម្បីចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី៕