2025-10-21 10:07
18

បូហ្គោតា៖ ប្រទេសកូឡុំប៊ី បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីទីក្រុងវ៉ាស៊ីនតោនមកកាន់ប្រទេសវិញ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងដំឡើងពន្ធលើប្រជាជាតិអាមេរិកខាងត្បូង និងបញ្ឈប់ការបញ្ជូនជំនួយហិរញ្ញវត្ថុទាំងអស់ទៅកាន់ប្រទេសនេះ ដោយកើតឡើងពីការវាយប្រហាររបស់យោធាអាមេរិកលើនាវាដែលចោទថា កូឡុំប៊ីដឹកជញ្ជូនគ្រឿងញៀន។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២១ តុលា ឆ្នាំ២០២៥។

កាលពីថ្ងៃ អាទិត្យ កន្លងទៅ លោក Trump ក៏បានហៅប្រធានាធិបតីឆ្វេងនិយមរបស់ប្រទេសកូឡុំប៊ី លោក Gustavo Petro ថាជា "មេដឹកនាំគ្រឿងញៀនខុសច្បាប់" ដែលរដ្ឋាភិបាលរបស់លោក Petro បានពណ៌នាការហៅបែបនេះថាជាការប្រមាថ ដែលបង្ហាញពីកម្រិតទាបបំផុតនៅក្នុងទំនាក់ទំនងរវាងទីក្រុង Bogota និងវ៉ាស៊ីនតោន។ 

លើសពីនេះ លោក Petro បានជំទាស់នឹងការវាយប្រហាររបស់យោធាអាមេរិកប្រឆាំងនឹងនាវានៅតំបន់ Caribbean ដែលបានសម្លាប់មនុស្សរាប់សិបនាក់ និងធ្វើឱ្យមានភាពតានតឹងនៅក្នុងតំបន់។ អ្នកជំនាញច្បាប់ រួមទាំងសកម្មជនសិទ្ធិមនុស្សជាច្រើននាក់ក៏បានថ្កោលទោសសកម្មភាពយោធានេះដែរ។

គួរបញ្ជាក់ឲ្យដឹងថា ប្រទេសកូឡុំប៊ីធ្លាប់ជាប្រទេសទទួលជំនួយដ៏ធំបំផុតពីសហរដ្ឋអាមេរិកនៅអឌ្ឍគោលខាងលិច ប៉ុន្តែជំនួយនេះត្រូវបានកាត់បន្ថយភ្លាមៗ នៅឆ្នាំនេះដោយការបិទ USAID ដែលជាដៃមនុស្សធម៌របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ 

ក្នុងនោះ លោក Trump បាននិយាយថា ជំនួយហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកដល់ប្រទេសកូឡុំប៊ីនឹងត្រូវកាត់ផ្តាច់ ហើយព័ត៌មានលម្អិតអំពីពន្ធថ្មីនឹងត្រូវបង្ហាញនៅថ្ងៃចន្ទ ប៉ុន្តែគិតត្រឹមល្ងាចថ្ងៃចន្ទនេះ រដ្ឋបាល Trump នៅមិនទាន់បានប្រកាសអំពីពន្ធគយនៅឡើយទេ៕