
ថៃ៖ កងទ័ពថៃបានបដិសេធ ចំពោះការចោទប្រកាន់ថា ខ្លួនបានប្រើអាវុធគីមី ដោយបញ្ជាក់ថា កម្ពុជាបានបំភ្លៃការពិតដើម្បីបង្កើតការយល់ច្រឡំរបស់សាធារណជន និងដើម្បីសុំមូលនិធិអន្តរជាតិ។ នេះបើតាមការចេញផ្សាយពីកាសែតថៃ The Nation នៅថ្ងៃទី២០ តុលា ឆ្នាំ២០២៥។
ឧត្តមសេនីយទោ Winthai Suwaree អ្នកនាំពាក្យនៃកងទ័ពភូមិន្ទថៃ បានបញ្ជាក់ថា ការចោទប្រកាន់ទាំងនេះ គឺជារឿងមិនពិត មិនមានភស្តុតាងច្បាស់លាស់ និងមិនមានទម្ងន់ផ្លូវច្បាប់ទេ។
លោកបញ្ជាក់ថា ថៃមិនដែលធ្វើប្រតិបត្តិការដោយប្រើអាវុធគីមីក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយកម្ពុជានោះទេ។
ទាក់ទងនឹងគ្រាប់បែកផូស្វ័រពណ៌ស (WP) លោកបានពន្យល់ថា ពួកវាត្រូវបានប្រើជាចម្បងសម្រាប់ផ្សែង ការបំភ្លឺ ការផ្ទុះ និងភ្លើង ហើយមិនត្រូវបានចាត់ថ្នាក់ជាអាវុធគីមីនៅក្រោមអនុសញ្ញាអាវុធគីមី (CWC) នោះទេ។
គ្មានសន្ធិសញ្ញាអន្តរជាតិ ហាមឃាត់ការរក្សាទុក ឬប្រើប្រាស់របស់ពួកវាទេ មានន័យថាប្រទេសថៃអាចរក្សា និងដាក់ពង្រាយអាវុធ WP ដោយស្របច្បាប់សម្រាប់គោលបំណងយោធាបាន។
លោក Winthai សង្កត់ធ្ងន់ថា អាវុធយុទ្ធភណ្ឌ WP ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ប្រើសម្រាប់តែប្រឆាំងនឹងគោលដៅយោធាប៉ុណ្ណោះ និងមិនដែលត្រូវបានប្រើប្រាស់ដើម្បីបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលឡើយ។ ប្រតិបត្តិការយោធាថៃទាំងអស់ ប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងស្តង់ដារមនុស្សធម៌៕

