
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀ ហ្សេលេនស្គី ឱ្យបោះបង់ទឹកដីមួយចំនួនទៅរុស្ស៊ី ក្នុងអំឡុងកិច្ចប្រជុំដ៏តានតឹងមួយកាលពីថ្ងៃសុក្រ ដែលបានធ្វើឱ្យគណៈប្រតិភូអ៊ុយក្រែនខកចិត្ត នេះបើយោងតាមការចេញផ្សាយដោយ រ៉យទ័រ។
ប្រធានាធិបតីអាមេរិក ក៏បានបដិសេធក្នុងការផ្តល់មីស៊ីល Tomahawk សម្រាប់ការប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ីទៅដល់អ៊ុយក្រែនផងដែរ។ លោក Trump ក៏បានស្នើសំណើមួយក្នុងអំឡុងពេលកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន ប៉ុន្តែ Zelenskiy បាននិយាយថា គាត់នឹងមិនស្ម័គ្រចិត្តប្រគល់ទឹកដីណាមួយទៅទីក្រុងម៉ូស្គូទេ។
លោក Trump បានគូសបញ្ជាក់ជំហររបស់គាត់ នៅក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា លោកគិតថា ៧០ ភាគរយ នៃទឹកដីអ៊ុយក្រែនត្រូវបានរុស្ស៊ីគ្រប់គ្រងរួចទៅហើយ។
គួរឲ្យដឹងថា Zelenskiy ទទួលការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីមានការពិភាក្សាកាលពីថ្ងៃសុក្រកន្លងទៅ ដែលសង្ឃឹមថា នឹងបញ្ចុះបញ្ចូល លោក Trump ឱ្យផ្គត់ផ្គង់រដ្ឋាភិបាលរបស់គាត់ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ដែលមានសមត្ថភាពវាយប្រហារជ្រៅនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែត្រូវបានប្រធានាធិបតីអាមេរិករូបនេះបដិសេធ និងបានជម្រុញឲ្យអ៊ុយក្រែន យល់ព្រមប្រគល់ទឹកដីមួយចំនួនទៅឲ្យរុស្ស៊ីទៅវិញ៕
