2025-10-22 12:32
8

រុស្ស៊ី៖   យោធារបស់ទីក្រុងគៀវ អះអាងកាលពីថ្ងៃអង្គារនេះថា អ៊ុយក្រែនបានប្រើប្រាស់មីស៊ីលរបស់អង់គ្លេស បើកការវាយប្រហាររោងចក្រគីមីដ៏សំខាន់របស់រុស្ស៊ី ដែលជាទីតាំងផលិតគ្រាប់រំសេវ និងសារធាតុផ្ទុះ។

អ៊ុយក្រែនប្រើមីស៊ីលស្តម ហ្សាដូ ( Storm Shadow ) របស់អង់គ្លេស បំបែកប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីដោយជោគជ័យ ធ្វើការវាយកំទេចរោងចក្រគីមី(Bryansk)ដ៏សំខាន់ នៃបរិវេណឧស្សាហកម្មយោធារបស់រដ្ឋឈ្លានពានមួយនេះ ដើម្បីផលិតគ្រាប់រំសេវ សារធាតុផ្ទុះ និងគ្រាប់រ៉ុក្កែត ដើម្បីប្រើប្រាស់សំរាប់ការឈ្លានពានលើទឹកដីអ៊ុយក្រែនកន្លងមក។  ប្រព័ន្ធផ្សព្វផ្សាយ The Tellegraph ចុះផ្សាយទៀតថា យោធាអ៊ុយក្រែន បានអំណរគុណចំពោះដៃគូរបស់អ៊ុយក្រែន សម្រាប់ការបន្តគាំទ្រផ្ដល់សព្វាវុធដល់អ៊ុយក្រែនក្នុងការទប់ទល់ ពីការឈ្លានពានពីសំណាករុស្ស៊ី»។

ប៉ុន្តែការប្រើប្រាស់មីស៊ីល ស្តម ហ្សាដូ ( Storm Shadow ) ពីសំណាកអ៊ុយក្រែន ទំនងជានឹងបង្កឱ្យមានការថ្កោលទោសពីវិមានក្រឹមឡាំងជាក់ជាមិនខាន ព្រោះរុស្ស៊ីធ្លាប់បានព្រមានលោកខាងលិចរួចហើយ មិនឱ្យផ្គត់ផ្គង់រឺបំពាក់អាវុធដល់អ៊ុយក្រែន ដែលមានសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយនោះទេ។ ដោយឡែកទីក្រុងគៀវ អះអាងថាការកំណត់គោលដៅសំខាន់ៗរបស់រុស្សី ដើម្បីវាយប្រហារគឺជារឿងចាំបាច់បំផុតសំរាប់អ៊ុយក្រែន ។ សូមបញ្ជាក់ថាចក្រភពអង់គ្លេសបានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីល Storm Shadow របស់ខ្លួន ក្នុងសិទ្ធការពារខ្លួនកាលពីឆ្នាំមុន បន្ទាប់ពីរងការវាយប្រហារពីរុស្ស៊ីនៅក្នុងខែវិច្ឆិកា។

កាលពីថ្ងៃចន្ទនេះ លោក ចន ហាឡៃ ( John Healey )  រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស បាននិយាយថា លោក Vladimir Putin មើលឃើញចក្រភពអង់គ្លេសជា "សត្រូវលេខមួយ" របស់គាត់ ដោយសារតែការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន។

យោងតាមលោក វីតាលី ក្លីតឆ្កូ ( Vitali Klitschko ) អភិបាលក្រុងគៀវ  បានឱ្យដឹងថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសពេញមួយយប់លើទីក្រុងគៀវ កាលពីព្រឹកថ្ងៃពុធសប្ដាហ៍នេះ។ ហើយសេវាសង្គ្រោះបន្ទាន់ជាច្រើនទីតាំងត្រូវបំផ្លិចបំផ្លាញដោយសារតែកំទេចកំទី ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ប៉ុន្តែមិនមានអ្នកស្លាប់ និងរបួសនោះទេ។

ការវាយប្រហារនេះបានកើតឡើងនៅពេលដែលលោក Trump និងលោក Putin បានលុបចោលការចរចាសន្តិភាព បន្ទាប់ពីប្រទេសរុស្ស៊ីបានបដិសេធមិនទទួលយកលក្ខខណ្ឌរបស់អាមេរិកសម្រាប់បទឈប់បាញ់នៅអ៊ុយក្រែន។

សេតវិមានបានប្រកាសថ្ងៃអង្គារនេះថា ប្រធានាធិបតីអាមេរិក នឹងមិនជួបសមភាគីរុស្ស៊ី "ក្នុងពេលខាងមុខនោះឡើយ " ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ីងារ ឡារ៉ូវ ( Sergei Lavrov ) បានប្រាប់លោក ម៉ាកូ រូបីអូ ( Marco Rubio ) រដ្ឋមន្ត្រីការបរទេសអាមេរិកថា រុស្ស៊ីនឹងមិនយល់ព្រមចំពោះបទឈប់បាញ់ដែលធ្វើឲ្យខ្សែបន្ទាត់ជួរមុខនៅអ៊ុយក្រែនជាប់គាំងនោះទេ៕