2025-10-22 15:32
7

ថៃ៖ ការស៊ើបអង្កេតថ្មីរបស់អាជ្ញាធរថៃ កំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានការចោទប្រកាន់ថា លោក Thamanat Prompow ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ មានការភ្ជាប់ទាក់ទងជាមួយបណ្តាញក្រុមឧក្រិដ្ឋកម្មអនឡាញ (Scam network) ដែលមានសាខាសកម្មនៅតំបន់ព្រំដែនកម្ពុជា-ថៃ។

ប្រភពសន្តិសុខថៃ បានបញ្ជាក់ថា ការស៊ើបអង្កេតផ្លូវហិរញ្ញវត្ថុ និងទំនាក់ទំនងសង្ស័យជាច្រើន ត្រូវបានរកឃើញថា មានការបញ្ជូនប្រាក់ចេញចូលជាប្រចាំទៅកាន់គណនី ដែលស្ថិតនៅក្រោមបណ្តាញបោកប្រាស់អនឡាញ និងការជួញដូរមនុស្ស។ អាជ្ញាធរថៃបានចាប់ផ្តើមស៊ើបអង្កេតបន្ថែមលើបណ្តាញហិរញ្ញវត្ថុ ដែលអាចជួយគាំទ្រប្រតិបត្តិការបោកប្រាស់ និងសកម្មភាពខុសច្បាប់ផ្សេងៗ។

ការពិភាក្សានៅសភាថៃ បានក្លាយជាចំណុចក្តៅ បន្ទាប់ពី លោក Rangsiman Rome តំណាងសភាបក្សប្រជាជនថៃ (Move Forward Party) បានឈ្លេចសួរយ៉ាងតឹងរឹង ចំពោះ លោក Thamanat Prompow បនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍ អំពី “ទំនាក់ទំនងដ៏គួរឲ្យសង្ស័យ” របស់លោកជាមួយមេក្រុមឧក្រិដ្ឋកម្មអនឡាញម្នាក់ ដែលជាជនជាតិអាហ្វ្រិកខាងត្បូង។

ប្រភពសារព័ត៌មានថៃ បានរាយការណ៍ថា មេក្រុមឧក្រិដ្ឋកម្មអនឡាញសញ្ជាតិអាហ្វ្រិកខាងត្បូងរូបនេះ ត្រូវបានគេចោទប្រកាន់ថា មានការចូលរួមក្នុងប្រតិបត្តិការបោកប្រាស់តាមបណ្តាញ និងការជួញដូរមនុស្សនៅតំបន់អាស៊ីអាគ្នេយ៍ ដោយប្រើបណ្ដាញហិរញ្ញវត្ថុស្មុគស្មាញ។ អាជ្ញាធរថៃ កំពុងតាមដានសកម្មភាព និងស៊ើបអង្កេតទំនាក់ទំនងហិរញ្ញវត្ថុរបស់បណ្តាញនេះជាបន្តបន្ទាប់ ដើម្បីកំណត់ថា តើមានការភ្ជាប់ទៅកាន់មន្ត្រីថ្នាក់ខ្ពស់ ឬមនុស្សជិតស្និទ្ធជាមួយស្ថាប័នរដ្ឋ ឬអត់។

ក្រោមការត្រួតពិនិត្យរបស់គណៈកម្មាធិការជាតិប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដឹកនាំដោយនាយករដ្ឋមន្ត្រីថៃ នគរបាលថៃ កំពុងពង្រឹងការចាប់ខ្លួន និងបញ្ជូនជនសង្ស័យថៃ ដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបោកប្រាស់ ដើម្បីដាក់ទោសតាមច្បាប់។

ដំណឹងនេះបានបង្កឲ្យមានការចលាចលយ៉ាងខ្លាំងនៅក្នុងសហគមន៍នយោបាយថៃ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលត្រូវបាននាំចូលក្នុងករណីស៊ើបអង្កេត។ ប្រភពជិតស្និទ្ធនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនទទួលយកការប៉ុនប៉ងបំបាំង ឬការទទួលខុសត្រូវជំនួសនរណាម្នាក់ទេ ហើយនឹងបន្តស៊ើបអង្កេតយ៉ាងយកចិត្តទុកតាមច្បាប់។

អាជ្ញាធរថៃ ក៏បានបន្តយុទ្ធនាការផ្តោតលើការបង្រៀនសាធារណៈ និងការពារប្រជាពលរដ្ឋពីការបោកប្រាស់តាមបណ្តាញ ដែលកំពុងកើនឡើងយ៉ាងគួរឱ្យព្រួយបារម្ភ៕