
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Vorapak Tanyawong បានប្រកាសលាលែងពីតំណែង បន្ទាប់ពីមានការចោទប្រកាន់ថា លោកពាក់ព័ន្ធជាមួយប្រតិបត្តិការមជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញ ដែលកំពុងតែត្រូវស៊ើបអង្កេតដោយអាជ្ញាធរថៃ។ នេះបើយោងតាមចុះផ្សាយរបស់កាសែតថៃ Thai Enquirer នៅរសៀលថ្ងៃពុធទី២២ ខែតុលានេះ។
ការលាលែងនេះ ត្រូវបានគេចាត់ទុកថាជាចំណុចសំខាន់មួយក្នុងកិច្ចខិតខំរបស់រដ្ឋាភិបាលថៃ ដែលកំពុងបន្តប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងបណ្តាញបោកប្រាស់តាមអនឡាញ ដែលបានបង្កការខាតបង់ដល់ប្រជាពលរដ្ឋជាច្រើន។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបញ្ជាក់ថា ការលាលែងរបស់លោក Vorapakwong មានគោលបំណងបង្ហាញពីភាពទទួលខុសត្រូវ និងធានាថាការស៊ើបអង្កេតនឹងអាចប្រព្រឹត្តទៅដោយអធ្យាស្រ័យ។ ក្រសួងហិរញ្ញវត្ថុបានបន្ថែមថា នឹងចាត់វិធានការផ្ទៃក្នុង ដើម្បីស្វែងរកភាពពិត និងការពារកេរ្តិ៍ឈ្មោះរបស់ស្ថាប័ន។
ក្នុងរយៈពេលថ្មីៗនេះ រដ្ឋាភិបាលថៃ បានប្រកាសថា ការបង្ក្រាបអំពើឧក្រិដ្ឋកម្មអនឡាញ និងការជួញដូរមនុស្ស គឺជាវិធានការជាតិ ដោយបានបង្កើតគណៈកម្មាធិការជាតិ ដឹកនាំដោយ នាយករដ្ឋមន្ត្រី លោក អនុទីន ចានវីរៈគុល ដើម្បីសម្របសម្រួលកិច្ចសហការរវាងក្រសួង និងស្ថាប័នពាក់ព័ន្ធ៕

