ថៃ៖ វិស័យឯកជន ជំរុញឱ្យរដ្ឋាភិបាល Anutin Charnvirakul អនុវត្តការកាត់បន្ថយពន្ធ និងផ្តល់ប្រាក់កម្ចីទន់ ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចជាតិ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយព្រមានថា “ការបិទព្រំដែនយូរអាចធ្វើឱ្យសេដ្ឋកិច្ចខាតបង់ ១០០ ពាន់លានបាត” នៅចុងឆ្នាំ២០២៥ នេះ។ នេះបើយោងតាមកាសែតថៃ The Nation។
វិស័យឯកជនរបស់ប្រទេសថៃ បានដាក់សំណើបន្ទាន់ចំនួនបីទៅកាន់គណៈរដ្ឋមន្ត្រីសេដ្ឋកិច្ច ដោយទាមទារវិធានការបន្ធូរបន្ថយជាបន្ទាន់ ខណៈដែលការបិទផ្លូវទូត និងព្រំដែនដែលកំពុងបន្តជាមួយកម្ពុជា កំពុងគំរាមកំហែងធ្វើឱ្យសេដ្ឋកិច្ចខាតបង់ប្រហែល ១០០ ពាន់លានបាត នៅចុងឆ្នាំ២០២៥។
.ប្រភពពីមន្ត្រីការិយាល័យរដ្ឋាភិបាលថៃ បានបង្ហើបថា «រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow កាលពីពេលថ្មីៗនេះ បានជួបជាមួយក្រុមធុរកិច្ចសំខាន់ៗរួមទាំងក្រុមប្រឹក្សាធុរកិច្ច ថៃ-កម្ពុជា និងសភាពាណិជ្ជកម្មថៃ ដើម្បីដោះស្រាយវិបត្តិនេះ»។
ស្ថាបនិកផ្នែកឧស្សាហកម្ម បានបញ្ជាក់ថា ពួកគេគាំទ្រហរដ៏តឹងតែងរបស់រដ្ឋាភិបាល ក្នុងការចង់ឲ្យកម្ពុជាអនុវត្តលក្ខខណ្ឌដែលត្រូវបានទាមទា ដូចជា ការដកអាវុធធ្ងន់ធ្ងរ ការបោសសម្អាតមីន និងបង្ក្រាបបណ្តាញឆបោកតាមអ៊ិនធឺណិត ជាដើម។ ប៉ុន្តែពួកគេក៏បានព្រមានថា “ផលប៉ះពាល់សេដ្ឋកិច្ចកំពុងកើនឡើងយ៉ាងគួរឱ្យព្រួយបារម្ភ”។
បច្ចុប្បន្ននេះ ការបិទព្រំដែនបានរារាំងការទំនាក់ទំនងពាណិជ្ជកម្មនាំចេញនាំចូលប្រមាណ ១៥ ពាន់លានបាតក្នុងមួយខែ ដែលជាបញ្ហាដែលធ្វើឲ្យសហគ្រាសមធ្យម និងតូចជាច្រើនប្រឈមនឹងការបាត់បង់ប្រាក់ចំណេញ និងការបញ្ឈប់ការងារ។
វិស័យឯកជនបានអំពាវនាវឲ្យរដ្ឋាភិបាលចេញនយោបាយសេដ្ឋកិច្ចបន្ទាន់ ដើម្បីទប់ស្កាត់ការរអាក់រអួលនេះ មុនពេលសេដ្ឋកិច្ចថៃ រងនូវការខូចខាតជាបន្តបន្ទាប់កាន់តែធ្ងន់ធ្ងរឡើង៕




