2025-10-27 13:51
6

ថៃ៖ លោក Anutin Charnvirakul បាននិយាយថា លោកមិនបានជួបពិភាក្សាមួយទល់មួយជាមួយសមភាគីកម្ពុជា គឺសម្ដេច ហ៊ុន ម៉ាណែត នោះទេ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Kuala Lumpur សម្រាប់ការចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពីការកសាងសន្តិភាពឡើងវិញនោះទេ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានពេលត្រឡប់ពីកូឡាឡាំពួរនៅម៉ោង៣រសៀល កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Anutin បាននិយាយថា គាត់មានឱកាសនិយាយជាមួយប្រធានាធិបតីអាមេរិក Donald Trump ដែលគាត់បានស្នើសុំឱ្យអាមេរិកគាំទ្រប្រទេសថៃក្នុងបញ្ហាពាណិជ្ជកម្ម និងពន្ធទៅវិញទៅមក។

លោក អានុទីន បានបន្ថែមថា លោកក៏បានអញ្ជើញលោកប្រធានាធិបតី Trump ឱ្យមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃផងដែរ។ នាយករដ្ឋមន្រ្តីខាងលើបន្តថា លោកកត់សម្គាល់ឃើញថា គ្មានប្រធានាធិបតីអាមេរិកណាមួយមកបំពេញទស្សនកិច្ចនៅប្រទេសថៃអស់រយៈពេលមួយទសវត្សរ៍មកហើយ។

លោក អានុទីន បន្តបញ្ជាក់ថា ដើម្បីចាប់ផ្តើមនៃទំនាក់ទំនងមិត្តភាពឡើងវិញឬអត់នោះ ជាមួយកម្ពុជា លោកសង្កត់ធ្ងន់ថា អាស្រ័យលើជំហានជាច្រើនដែលត្រូវអនុវត្ត មុនពេលទំនាក់ទំនងអាចប្រសើរឡើង ហើយកម្ពុជាត្រូវតែបំពេញលក្ខខណ្ឌដែលបានព្រមព្រៀងជាមុនសិន បន្ទាប់មកប្រទេសថៃនឹងវាយតម្លៃវឌ្ឍនភាពមុននឹងឈានទៅដំណាក់កាលបន្ទាប់៕