 
                ភ្នំពេញ៖ ករណី គ្រោះថ្នាក់ផ្ទុះគ្រាប់ ស្ថិតនៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលាម៉ោង ១៧និង២០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ កន្លងមក បានបណ្តាលឲ្យកុមារា សឿន សុវណ្ណ អាយុ ១០ឆ្នាំបានស្លាប់ និងលោក សៀន ស៊ុន អាយុ ៤៣ឆ្នាំ ត្រូវជាឪពុករងរបួសធ្ងន់។ ផ្អែកតាមរបាយការណ៍ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ របស់អង្គភាព CMAC បានសន្និដ្ឋានថា “គ្រាប់ដែលបង្កផ្ទុះស្លាប់ និងរបួសនេះជាគ្រាប់បែកចង្កោម ប្រភេទ M-85 នៃគ្រាប់កាំភ្លើងធំ ១៥៥ មម ជាសំណល់យុទ្ធភណ្ឌសង្រ្គាមដែលកងទ័ពថៃ បានបាញ់មកលើទឹកដីកម្ពុជាក្នុងសង្គ្រាមថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥”។
នេះបើយោងតាមការបញ្ជាក់របស់ លោក ហេង រតនា ប្រធានអង្គភាព «ស៊ីម៉ាក់» នៅយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ។ 
លោក ហេង រតនា បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមជំនាញអង្គភាព CMAC បានស្រាវជ្រាវ និងកំណត់ ទីតាំងភូមិសាស្រ្ដចំណុចនេះ ជាចម្ការគ្រាប់បែកចង្កោមលេខ “BS18134_B1.2+”។ ការសន្និដ្ឋានខាងលើ ដោយផ្អែកលើលទ្ធផលនៃការធ្វើវិភាគសំណាកអំបែងនៅកន្លែងកើតហេតុ ស្លាកស្នាមរបួស ចុះត្រួតពិនិត្យទីតាំងភូមិសាស្ដ្ររងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម និងការរៀបរាប់លម្អិតរបស់ អ្នកស្រី ស៊ិន ចាន់ទាង ជាម្ដាយរបស់កុមារា សឿន សុវណ្ណ អំពីភិនភាគគ្រាប់ និងសកម្មភាពពាក់ព័ន្ធក្នុងការយកគ្រាប់នោះមកដល់ផ្ទះ រហូតបង្កឲ្យមានគ្រោះថ្នាក់កើតឡើង។ 
ឆ្លៀតឱកាសនេះ ប្រធានអង្គភាពស៊ីម៉ាក់ សូមចូលរួមរំលែកទុក្ខក៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងទទួចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្ដាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅតាមតំបន់ស្រែចម្ការ ព្រៃ និងភូមិលំនៅដ្ឋាន ដែលទទួលរងផលប៉ះពាល់ក្នុងសង្គ្រាមកាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ 
ក្នុងករណី បានឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុសង្ស័យជាគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ វាយដំ គប់លេង ឬយកទៅកែច្នៃផ្សេងៗ ដែលអាចបណ្តាលឱ្យផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬអង្គភាព CMAC ដើម្បីបោសសម្អាតគ្រាប់ទាំងនោះ។ សូមទាក់ទងមន្ដ្រីអង្គភាពCMAC ទិសខេត្ដឧត្ដរមានជ័យ តាមរយៈលេខទូរសព្ទ ០៩៧ ២០០ ១១ ៤១ និងទិសខេត្ដព្រះវិហារ ០៩៧ ២២២២ ៧៣៥៕








 
                         
                                 
                                 
                                