 
                ភ្នំពេញ៖ ក្រុមពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិព្រះឥន្ទស្មត់ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង កើតទុក្ខមិនសុខចិត្តរឿងធ្វើប្លង់ដីអស់លុយ បាននាំគ្នាផ្តិតមេប្តឹងលោក ស្រី វិចិត្រ អនុប្រធានការិយាល័យរៀបចំដែនដីដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តព្រៃវែង និងជាប្រធានក្រុមវាលទី៥ ដែលបានប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធជំរឹតទារលុយពីប្រជាពលរដ្ឋពីចាប់ពី ៥ ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀលក្នុង ១ប្លង់ដី ដោយមិនមានវិក្កយបត្រកំណត់ដោយរដ្ឋនោះទេ ជាថ្នូរនិងការចែកបណ្ណសម្គាល់កម្មសិទ្ធិដីធ្លី។
នេះបើយោងតាមពាក្យបណ្តឹងរបស់ពលរដ្ឋ ដែលអង្គភាពសារព័ត៌មានយើង ទទួលបាននៅពេលថ្មីៗនេះ ដាក់ជូនលោកបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
តាមពាក្យបណ្តឹងបានរៀបរាប់ថា ប្រធានក្រុមវាល លោក ស្រី វិចិត្រ បានយកលុយមុន ដើម្បីជាថ្នូរនិងការចែកបណ្ណសម្គាល់កម្មសិទ្ធិដីធ្លី ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី មិនមានគោលការណ៍ដាក់កំណត់ឱ្យមន្ត្រីតាមបណ្តារាជធានី ខេត្ត យកលុយពីពលរដ្ឋជាថ្នូរនិងការចែកបណ្ណកម្មសិទ្ធិនោះឡើយ។ ផ្ទុយទៅវិញ កំឡុងខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិព្រះឥន្ធស្មត់ ឃុំថ្មពូន ស្រុកកញ្ជ្រៀច លោក ស្រី វិចិត្រ បានចុះមកចែកបណ្ណកម្មសិទ្ធិជូនពលរដ្ឋ បានយកលុយលើសពីសេវារបស់រដ្ឋ ដែលបានកំណត់ហើយពលរដ្ឋគាត់ចង់បានលុយត្រឡប់មកវិញ សម្រាប់ដោះស្រាយជីវភាព។
ករណីនេះ ប្រជាពលរដ្ឋធ្លាប់បានប្តឹងប្រធានក្រុមវាល និងបក្ខពួកទៅអភិបាលស្រុកកញ្ចៀចម្តង ក្រោយមកមានកិច្ចអន្តរាគមន៍ខាងស្រុកចុះធ្វើកំណត់ហេតុភ្លាមៗ រកឃើញថា «ពិតជាមានការយកលុយលើសពីសេវារដ្ឋបានកំណត់ដីស្រែ ១ហិចតា ២ម៉ឺនរៀល និងដីភូមិ ១ហិចតា ៣០ ម៉ឺនរៀល»។ ប៉ុន្តែ លោក ស្រី វិចិត្រ បានទារលុយស្រេចតែមាត់បង្ខំឲ្យពលរដ្ឋបង់លុយទៅខ្លួនលើសសេវារបស់រដ្ឋចាប់ពី ៥ ម៉ឺនរៀល រហូតដល់ ២៥ ម៉ឺនរៀល ឬលើសពីនេះក៏មានដែរ។
ក្នុងពាក្យបណ្តឹងពលរដ្ឋខាងលើបានអះអាងថា «ចំពោះការចែកបណ្ណជូនប្រជាពលរដ្ឋទាំងពីរលើកខាងលើនេះ គឺ លោក ស្រី វិចិត្រ អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តព្រៃវែង ជាប្រធានក្រុមវាល និងបក្សពួក មានសិទ្ធិសម្រេចធំណាស់ហ៊ានយកលុយតាមអំពើចិត្តខុសពីគោលការណ៍របស់រដ្ឋបានកំណត់ធ្វើឲ្យពលរដ្ឋដែលមិនមានលុយគ្រប់ក៏ត្រូវខ្ចីលុយធនាគារ ដើម្បីបង់ឲ្យគ្រប់ដែរ គឺក្នុងម្នាក់ៗ ចន្លោះពី ៥ ម៉ឺនរៀល ក្នុង ១ប្លង់តូចៗ និងបងប្អូនខ្លះមានក្បាលដីចែកឲ្យកូនច្រើននាក់ ក៏ត្រូវចំណាយលុយដែរ ដើម្បីបានប្លង់កម្មសិទ្ធិយកមកប្រើប្រាស់»។
ក្នុងករណីនេះ សម្រាប់ពលរដ្ឋ ដោយសារការភ័យខ្លាច មិនបានបណ្ណកម្មសិទ្ធិដីធ្លីយកមកប្រើប្រាស់ និងគិតថាជាគោលករណ៍របស់រដ្ឋទើបពលរដ្ឋម្នាក់ៗ ពេលឃើញមន្ត្រីសុរិយោដីចុះមកចែកបណ្ណម្តងៗ ក៏ខំរកលុយខ្ចីគេឯងឲ្យបាន និងពលរដ្ឋខ្លះទៀត ចងការធនាគារ ដើម្បីបានលុយត្រៀមយកបណ្ណកម្មសិទ្ធិទុកប្រើប្រាស់សម្រាប់កូនចៅបន្តតទៀត។
ផ្ទុយទៅវិញករណីនេះ ក៏មានការបែកត្រូវធ្លាយរឿងអាស្រូវ ប្រធានក្រុមវាលរូបនេះ បានទៅចែកបណ្ណដីធ្លី នៅភូមិ ត្រពាំងក្រាញ់ ឃុំព្រាល ស្រុកកញ្ចៀច ត្រូវពលរដ្ឋ បកអាក្រាតថា «មន្ត្រីរូបនេះ បានយកលុយជាថ្នូរ និងការចែកបណ្ណនោះ គឺគ្មានគោលការណ៍ពីរដ្ឋឡើយ» គឺឃុបឃិតគ្នាជាប្រព័ន្ធប្រព្រឹត្តិអំពើពុករលួយ ដើម្បីជំរិតទារលុយពីពលរដ្ឋខុសពីគោលការណ៍រដ្ឋ ជាពិសេស ផ្ទុយនឹងបទបញ្ជារបស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទើបលោក ស្រី វិចិត្រ លែងហ៊ានចូលមកចែកបណ្ណនៅភូមិត្រពាំងក្រាញ់ ឃុំព្រាល ស្រុកកញ្ចៀច បន្តទៀត។
រាល់សកម្មភាពរបស់ លោក ស្រី វិចិត្រ បន្ទាប់ពីបានបែកធ្លាយរឿងយកលុយលើសគោលការណ៍រដ្ឋ ត្រូវពលរដ្ឋ ប្តឹងនៅសាលាស្រុកកញ្ចៀច ដើម្បីអន្តរាគមន៍។ បន្ទាប់មកលោក សឿង សុជាតិ អភិបាលស្រុកកញ្ចៀច ក៏បានចាត់វិធានការបញ្ជារឲ្យអាជ្ញាធរឃ្លាំមើលបើឃើញ ចំពោះសកម្មភាពបុគ្គលនេះ បើមកចូលទឹកដីស្រុកកញ្ចៀច ចុះចែកបណ្ណកម្មសិទ្ធទៀត នឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនទុកតែម្តង ប៉ុន្តែមួយរយៈនេះ លោកបានគេចមុខបាត់ឈឹងលែងហ៊ានចូលទឹកដីស្រុកកញ្ចៀច។ សូម្បីតែពលរដ្ឋនៅឃុំខាងលើ និងឃុំគោកគង់កើត ឬឃុំផ្សេងៗទៀត តាមរកមុខលោកប្រធានក្រុមវាលទី៥នេះដែរ ព្រោះបានគុបគិត ជាមួយមេឃុំលួចចេញប្លង់ស៊ីញ៉េលើដីទំនាស់ ០៣ គ្រួសារ ដែលជាកម្មសិទ្ធិពលរដ្ឋមិនទាន់បានដោះស្រាយនៅឡើយ។
យោងតាមលិខិតផ្លូវការមួយដែលសារព័ត៌មាន ទទួលបានពីសាលាស្រុកកញ្ចៀច ផ្ញើជូនទៅលោក សឿង សុជាតិ អភិបាលស្រុកបង្ហាញថា៖ «ដោយមើលឃើញការចែកបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ តាមបណ្តាភូមិ ឃុំ កន្លងមក លោក ស្រី វិចិត្រ ប្រធានវាលក្រុមទី៥ ប្រចាំស្រុកកញ្ចៀច បានចែកបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ដោយគ្មានចេញបង្កាន់ដៃបង់ប្រាក់ច្បាស់លាស់យ៉ាងអនាធិបតិយ្យ យកប្រាក់តាមតែអំពើចិត្ត តាមតែមាត់ថាធ្វើឲ្យមានបញ្ហាជាច្រើន ជាមួយប្រជាពលរដ្ឋ អ្នកដែលមកយកជំនួសបងប្អូនសាច់ញាតិត្រូវបង់ប្រាក់ ជូនគាត់ក្នុងមួយប្លង់ ៥ម៉ឺនរៀន ស្ថិតនៅភូមិគោករការ ឃុំក្រាល និងភូមិថ្មពូន ឃុំថ្មពូន ក្រោយមកប្តូរមកយកត្រឹមតែ ៣ ម៉ឺនរៀលវិញ នៅភូមិក្បាលដំរី ឃុំថ្មពូន ថ្មីៗកន្លងមកនេះ»។
លិខិតរបស់មន្រ្តីសាលាស្រុកកញ្ចៀច ខាងលើបានលាតត្រដាងថា ការមិនចេញបង្កាន់ដៃបង់ទឹកប្រាក់ ន់ដៃបង់ទឹកប្រាក់ ជូនប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវ និងជាក់លាក់ គឺខុសនឹងផ្លូវច្បាប់ត្រូវមានទោសធ្ងន់ធ្ងរ។ ហេតុដូច្នេះ សូមលោកអភិបាលស្រុក ជួយទប់ស្កាត់ភាពមិនប្រក្រតី របស់ លោក ស្រី វិចិត្រ ក្នុងការចុះចែកប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋតាមបណ្តាលភូមិ ដែលនៅសេសសល់ និងការចេញលិខិតផ្ទេរប័ណ្ណកម្មសិទ្ធ លិខិតពាក់ព័ន្ធដីធ្លីនានានៅក្នុងស្រុកកញ្ចៀចបន្តទៅទៀតនេះផង។
ជុំវិញពាក្យបណ្តឹងខាងលើ អង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីទទួលបានពាក្យបណ្តឹងត្រឹមតែមួយថ្ងៃ ក៏បានកោះហៅតំណាងពលរដ្ឋ ដើម្បីធ្វើការសាកសួរករណី «លោក ស្រី វិចិត្រ ចែកបណ្ណកម្មសិទ្ធដីធ្លី ទារលុយដោយគ្មានចេញបង្កាន់ដៃបង់ប្រាក់ឡើយ និងកំពុងតែដំណើរការទៅតាមនីតិវិធី និងការស៊ើបអង្កេតពីមន្រ្តីជំនាញ»។
ជុំវិញករណី ពុករលួយនេះ ប្រជាពលរដ្ឋ នៅភូមិគោករការ ឃុំក្រាល និងភូមិថ្មពូន ឃុំថ្មពូន បានស្នើសុំដល់អង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ីបអង្កេតលើ លោក ស្រី វិចិត្រ និងអ្នកពាក់ព័ន្ធ ដើម្បីយកផ្តន្ទាទោស និងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ នៅថ្ងៃទី៣១ ខែតុលានេះ អង្គភាពយើងមិនអាចស្វែងរកការសុំបកស្រាយបំភ្លឺពីលោក ស្រី វិចិត្រ ប្រធានក្រុមវាលទី៥ បានឡើយ។ អង្គភាពយើងរងចាំទទួលការបកស្រាយពីលោក និងអ្នកពាក់ព័ន្ធគ្រប់ពេលវាស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន៕









 
                         
                                 
                                 
                                